(ហុងកុង)៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានថ្លែងនៅថ្ងៃចន្ទនេះថា រដ្ឋបាលទីក្រុងស្វយ័តចិនមួយនេះ «នឹងស្តាប់មតិសាធារណៈដោយប្រុងប្រយ័ត្នជាងមុន» ក្រោយលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះបង្ហាញថា ក្រុមគណបក្សគាំទ្រលទ្ធិលប្រជាធិបតេយ្យហុងកុង ដណ្តើមបានអសនៈរហូតដល់ ៣៩០ ក្នុងចំណោមអសនៈ ៤៥២ ឬស្មើនឹងជិត ៩០%ឯណោះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះ លោកស្រី ឡាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលក្រុងពិតជានឹងស្តាប់មតិរបស់ពលរដ្ឋ ដោយការប្រុងប្រយ័ត្នជាងមុន ដើម្បីឆ្លុះបញ្ចាំងដល់ពួកគេអំពីការយកចិត្តទុកដាក់របស់យើង...»។ សម្រាប់ចលនាតវ៉ាកន្លងមកនេះ ក៏មានការទាមទារសំខាន់ៗមួយចំនួនផងដែររួមមាន ការបោះឆ្នោតដោយចំពោះ និងការស៊ើបអង្កេតទៅលើអំពើហិង្សា ដែលត្រូវបានប្រព្រឹត្តដោយប៉ូលីសលើក្រុមបាតុករ។ ពិតណាស់លទ្ធផលឆ្នោតនេះ អាចនឹងនាំមកនូវសម្ពាធថ្មីលើលោកស្រី ខារី ឡាំ ដើម្បីបំពេញតាមតម្រូវការរបស់ម្ចាស់ឆ្នោតភាគច្រើនទាំងនោះ។
អាជ្ញាធររៀបចំការបោះឆ្នោតនៅហុងកុងបានឲ្យដឹងថា ប្រជាជនហុងកុងយ៉ាងតិច ២.៩៤លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម ១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត។ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រុមបេក្ខជនដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យ ទទួលបានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ ៣៩០ ក្នុងចំណោមអាសនៈសរុបជាង ៤៥០។ ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ។
គួរជម្រាបថា បើតាមការយល់ឃើញរបស់ក្រុមបេក្ខជនគាំទ្រប្រជាធិបតេយ្យ ការបោះឆ្នោតអាណត្តិនេះមានលក្ខណៈពិសេសត្រង់ថា វាគឺជាការតតាំងផ្លូវការ ជាមួយក្រុមអ្នកដែលគាំទ្ររដ្ឋបាលហុងកុង ក៏ដូចជារដ្ឋាភិបាលទីក្រុងប៉េកាំង នៅចំពោះមុខចលនាបាតុកម្ម ដែលបានចាប់ផ្តើមឡើងកាលពីខែមិថុនា ឆ្នាំ២០១៩ និងបន្តមកទល់បច្ចុប្បន្ន ហើយមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងៗ រហូតធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងថា ប្រទេសចិនអាចចូលធ្វើអន្តរាគមន៍៕