(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិកបានសម្រេចផ្តល់អាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា Microsoft បន្តការផ្គត់ផ្គង់កម្មវិធីកុំព្យូទ័រ (Software) លក្ខណៈ Mass-Market ឲ្យក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei ក្រោយការដាក់ពាក្យស្នើសុំប៉ុន្មានខែកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយព័ត៌មាន Engadget នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រុមហ៊ុន Microsoft បានបង្ហើបប្រាប់ពីដំណឹងនេះដល់សារព័ត៌មាន Bloomberg ប៉ុន្តែមិនបានបញ្ជាក់ថា ពាក្យក្នុងលក្ខណៈ «Mass-Market» នោះគឺមានន័យយ៉ាងដូចម្តេចឲ្យប្រាកដឡើយ។ យ៉ាងណាមិញកម្មវិធីប្រព័ន្ធប្រតិបត្តិការ (OS) Windows និងកម្មវិធីសម្រាប់ការងាររដ្ឋបាលដូចជា Office ប្រហែលជាត្រូវរាប់បញ្ចូល។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំមួយទៀតគឺ Google ពុំទាន់ទទួលបានអាជ្ញាប័ណ្ណ ណាមួយពីរដ្ឋាភិបាលអាមេរិកនៅឡើយទេ។ ដោយសារតែបញ្ហានេះហើយ ក្រុមហ៊ុន Huawei ត្រូវបង្ខំលក់ស្មាតហ្វូនរបស់ខ្លួន ដោយពុំមានកម្មវិធីសំខាន់ៗរបស់ Google។
គួរជម្រាបថា រដ្ឋាភិបាលអាមេរិកបានកត់ឈ្មោះក្រុមហ៊ុន Huawei ចូលក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម កាលពីខែឧសភា ឆ្នាំ២០១៩ ក្រោមហេតុផលសន្តិសុខជាតិ ដោយសហរដ្ឋអាមេរិកបានចោទប្រកាន់ទាំងពុំមានភស្តុតាងថា Huawei អាចជួយស៊ើបការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន ខណៈក្រុមហ៊ុន Huawei បានច្រានចោលការចោទប្រកាន់នេះ៕