(ប៊ែរឡាំង)៖ អង្គការការពារសត្វ និងបរិស្ថានរបស់អាល្លឺម៉ង់ហៅកាត់ថា NABU បានអះអាងថា អង្គការ NATO បានសម្លាប់ជីវិតសត្វជាច្រើនក្បាលនៅក្នុងសមុទ្រ កំឡុងការធ្វើសមយុទ្ធយោធា នាពេលកន្លងទៅនេះនៅអាល្លឺម៉ង់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
អង្គការ NABU បានប៉ាន់ប្រមាណថា គ្រាប់មិនទាន់ផ្ទុះទម្ងន់ជាង ១.៦លានតោន ត្រូវបានបន្សល់ទុកតាំងតែពីសម័យសង្រ្គាមលោកលើកទី ២ ចោលនៅក្រោមបាតសមុទ្រ បាល់ទិក (Baltic) និងសមុទ្រខាងជើងក្បែរប្រទេសអាល្លឺម៉ង់។ បើតាមអង្គការ NASA យោធាអាល្លឺម៉ង់បានបំផ្ទុះគ្រាប់មីនសម័យសង្រ្គាមលោកចំនួន ៤២គ្រាប់ កំឡុងការត្រៀមរៀបចំសម្រាប់សមយុទ្ធយោធាតំបន់ឆ្នេរខាងជើង (Northern Coasts) របស់ NATO កាលពីខែសីហាកន្លងទៅ ខណៈការផ្ទុះនីមួយៗបានផ្តាច់ជីវិតភាវៈមានជីវិតទាំងឡាយ ដែលស្ថិតនៅចម្ងាយចន្លោះ ១០-៣០ម៉ែត្រ។
គួរជម្រាបថា យោងតាមការអះអាងរបស់អង្គការ NABU ក្រោយយោធាអាល្លឺម៉ង់បោសសម្អាតគ្រាប់មីនទាំងនោះ នៅតាមតំបន់សមុទ្រខាងលើ សត្វត្រីមួយប្រភេទ (Porpoises) ដែលស្រដៀងត្រីដូហ្វីនយ៉ាងហោច ១៨ក្បាល ត្រូវគេរកឃើញថាបានងាប់។ ប៉ុន្តែចំនួនពិតជាក់ស្តែងថា តើសត្វសមុទ្រប៉ុន្មានក្បាលបានងាប់ ឬក៏រងរបួសនោះមិនត្រូវបានដឹងច្បាស់ឡើយ។
ម៉្យាងវិញទៀត អង្គការ NABU ក៏បានលើកឡើងនូវបញ្ហាមួយទៀតផងដែរ នៃគ្រាប់មិនទាន់ផ្ទុះដែលស្ថិតនៅក្រោមផ្ទៃសមុទ្រ ដោយពួកវាបានបញ្ចេញជាតិគីមីពុល ដែលគ្រោះថ្នាក់ចំពោះបរិស្ថាន ក៏ដូចជាចំពោះមនុស្សដែលបរិភោគត្រីបានមកពីតំបន់ទាំងនោះ។ អង្គការ NABU បានទទូចឲ្យអាជ្ញាធរអាល្លឺម៉ង់ ចេញចំណាត់ការដោះស្រាយបញ្ហានេះជាបន្ទាន់៕