(អាមេរិក)៖ លោក Elon Musk ម្ចាស់ក្រុមហ៊ុនផលិតរថយន្តអាមេរិក Telsa នាថ្ងៃសៅរ៍សប្តាហ៍នេះបានឲ្យដឹងថា ក្នុងពេលត្រឹម២ថ្ងៃ ក្រោយការបង្ហាញវត្តមានជាលើកដំបូង រថយន្តពិសេស Cybertruck របស់ក្រុមហ៊ុនទទួលបានការបញ្ជាទិញជិត១៥០,០០០គ្រឿងរួចស្រេចទៅហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា មកទល់ពេលនេះ រថយន្ត Cybertruck ទទួលបានការបញ្ជាទិញចំនួន១៤៦,០០០គ្រឿង។ ក្រុមហ៊ុន Tesla បានបង្ហាញវត្តមានរថយន្តនេះក្នុងកម្មវិធីមួយ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នាពេលនោះ ការធ្វើតេស្តជាក់ស្តែងលើរថយន្តក៏បានជួបបញ្ហាផងដែរ ដោយកញ្ចក់ការពារដែលត្រូវបានអះអាងថាមានភាពរឹងមាំខ្លាំងស្រាប់តែបានប្រេះ។
គួរជម្រាបថា រថយន្ត Tesla Cybertruck នេះ ជាប្រភេទរថយន្ត Pickup ប៉ុន្តែរូបរាងវាមានលក្ខណៈជ្រុងៗប្លែកពីរថយន្ត Pickup ទូទៅ។ តម្លៃគោលនៃរថយន្តនេះគឺចាប់ផ្តើមពី៣៩,៩០០ដុល្លារអាមេរិកក្នុងមួយគ្រឿង ហើយបើតាមវែបសាយក្រុមហ៊ុន Tesla អតិថិជនត្រូវកក់ប្រាក់ជាមុនចំនួន១០០ដុល្លារសម្រាប់ការបញ្ជាទិញ។ ទីផ្សាររថយន្តប្រភេទ Pickup នៅក្នុងសហរដ្ឋអាមេរិក គឺជាទីផ្សាររថយន្តដែលរកចំណូលបានច្រើនបំផុតមួយនៅលើពិភពលោក ហើយបច្ចុប្បន្នកំពុងក្តោបក្តាប់ដោយក្រុមហ៊ុន Ford, General Motors, និង Fiat Chrysler Automobiles៕