(វ៉ាស៊ីនតោន)៖ មនុស្ស៣នាក់បានបាត់បង់ជីវិតនាថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) បន្ទាប់ពីរថយន្តពួកគេត្រូវបានរថភ្លើងបុកនៅភាគអាគ្នេយ៍រដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងក្នុងក្រុងឈ្មោះថា Jupiter នៅពេលរថភ្លើងមួយខ្សែមានដឹកអ្នកដំណើរប្រមាណ២០០នាក់ បានធ្វើដំណើរចេញមកពីទីក្រុង Miami ដើម្បីឆ្ពោះទៅកាន់រដ្ឋញូយ៉ក នារសៀលថ្ងៃសៅរ៍។ ខណៈនៅលើរថភ្លើងពុំមានអ្នករងគ្រោះថ្នាក់ មនុស្សទាំង៣នាក់ដែលស្ថិតនៅក្នុងរថយន្តបានស្លាប់ទាំងអស់ ដ្បិតរថយន្តនោះបានរងការខូចខាតយ៉ាងដំណំតែម្តង។
គួរជម្រាបថា ដើមហេតុច្បាស់លាស់ពិតប្រាកដដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះ នៅពុំទាន់អាចកំណត់បាននៅឡើយទេ ប៉ុន្តែបើតាមការសង្ស័យរបស់អាជ្ញាធរអាមេរិកនៅតំបន់កើតហេតុ រថយន្តខាងលើទំនងជាបានព្យាយាមបរកាត់ផ្លូវរថភ្លើង ដោយពុំបានឈប់ឡើយ៕