(តូក្យូ)៖ នាថ្ងៃអាទិត្យនេះ កំឡុងការយាងបំពេញទស្សនកិច្ចនៅឯប្រទេសជប៉ុន សម្តេចប៉ាប ហ្រ្វង់ស៊ីស បានលើកឡើងថា ប្រទេសទាំងអស់នៅលើពិភពលោក គួរតែឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែរ ដើម្បីការសម្រេចបាននូវសន្តិភាពជានិរន្តរ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
សម្តេចប៉ាប ហ្រ្វង់ស៊ីស បានគូសបញ្ជាក់ដូច្នេះថា «ការមានអាវុធនុយក្លេអ៊ែរ ព្រមទាំងសព្វាវុធប្រល័យលោកផ្សេងៗទៀត គឺមិនមែនជាចម្លើយសម្រាប់ការចង់បានសុខសន្តិភាពយូរអង្វែងឡើយ។ ម៉្យាងវិញទៀត ការកសាងសន្តិភាពនិងស្ថិរភាពអន្តរជាតិ ក៏មិនស៊ីចង្វាក់គ្នាជាមួយការគំរាមកំហែងបំផ្លាញគ្នាទៅវិញទៅមកដោយប្រើអាវុធដ៏មានអានុភាពទាំងនេះនោះដែរ»។ សម្តេចប៉ាបបាននូវឡើងជាថ្មីម្តងទៀតនូវ គោលជំហរគាំទ្រចំពោះសន្ធិសញ្ញាមួយកាលពីឆ្នាំ២០១៧ ស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលត្រូវបានព្រមព្រៀងដោយសមាជិកជិតពីរភាគបីនៃអង្គការសហប្រជាជាតិ ខណៈដែលប្រទេសនុយក្លេអ៊ែរធំៗមួយចំនួនបានជំទាស់។
គួរជម្រាបថា នាថ្ងៃអាទិត្យនេះ សម្តេចប៉ាប ហ្រ្វង់ស៊ីស បានយាងទៅកាន់ទីក្រុង Nagasaki ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងទាំងពីររបស់ប្រទេសជប៉ុន ដែលធ្លាប់ទទួលរងការវាយប្រហារដោយគ្រាប់បែកនុយក្លេអ៊ែរ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកនាពេលនោះ គឺកាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ បានផ្តាច់ជីវិតប្រជាជនជប៉ុនប្រមាណ២៧,០០០នាក់ភ្លាមៗ និងរាប់សែននាក់ទៀតបានស្លាប់តាមក្រោយ ដោយសារសារធាតុវិទ្យុសកម្ម។ បន្ទាប់ពី Nagasaki សម្តេចប៉ាប នឹងបន្តដំណើរទៅកាន់ទីក្រុង Hiroshima វិញម្តង ជាទីដែលត្រូវបានអាមេរិកទម្លាក់នុយក្លេអ៊ែរមុនទីក្រុង Nagasaki ប៉ុន្មានថ្ងៃ។ នៅទីក្រុង Hiroshima មនុស្សខ្ទង់៧៨,០០០នាក់បានបាត់បង់ជីវិតភ្លាមៗ ក្រោយការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរពេលនោះ៕