(បាកដាដ)៖ នាថ្ងៃសៅរ៍សប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បានមកបំពេញទស្សនកិច្ចដោយពុំបានប្រកាសឲ្យដឹងជាមុនឡើយនៅឯប្រទេសអ៊ីរ៉ាក់។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន Aljazeera នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Pence បានចុះសួរសុខទុក្ខពលទាហានអាមេរិក នៅមូលដ្ឋានទ័ពអាកាស al-Asad ក្នុងខេត្ត Anbar នៃតំបន់ភាគខាងលិចរបស់អ៊ីរ៉ាក់។ នាឱកាសនៃដំណើរទស្សនកិច្ចនោះ លោក Pence ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ លោក Adel Abdul Mahdi ដើម្បីជជែកអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី អំពីការស្វែងរកដំណោះស្វាយសម្រាប់វិបត្តិបច្ចុប្បន្ននៅអ៊ីរ៉ាក់ ព្រមទាំងអំពីស្ថានការណ៍វិវត្តន៍នៃបាតុកម្មនៅប្រទេសអ៊ីរ៉ាក់។
ក្រៅពីនេះ លោកអនុប្រធានាធិបតីអាមេរិក បានបន្តទៅទស្សនកិច្ចនៅឯទីក្រុង Erbil ដែលជារដ្ឋធានីនៃតំបន់ស្វយ័តឃើដនៅអ៊ីរ៉ាក់ ហើយជួបសំណេះសំណាលជាមួយប្រធានាធិបតីឃើដ លោក Nerchirvan Barzani ដោយផ្ទាល់តែម្តងផងដែរ។ កំឡុងកិច្ចជួបគ្នានោះ លោក Mike Pence បានធានាអះអាងចំពោះលោក Barzani ថា ទីក្រុងវ៉ាស៊ីនតោនគាំទ្រតំបន់ស្វ័យឃើដនៅអ៊ីរ៉ាក់យ៉ាងពេញទំហឹង ខណៈជាការឆ្លើយតបលោកប្រធានាធិបតីឃើដ បានអរគុណចំពោះការឆ្លៀតឱកាសមកបំពេញទស្សនកិច្ចរបស់លោក Pence។
គួរជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក Mike Pence ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសអ៊ីរ៉ាក់កំពុងបន្តប្រឈមនឹងការធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលបានផ្ទុះឡើងតាំងតែពីដើមខែតុលាកន្លងទៅនេះ និងបានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣២៥នាក់ ហើយបង្កឲ្យរបួសប្រមាណ១៥,០០០នាក់។ កន្លងទៅនេះសហរដ្ឋអាមេរិក បានទទូចឲ្យរដ្ឋាភិបាលអ៊ីរ៉ាក់រៀបចំការបោះឆ្នោតមុនអាណត្តិ ហើយបញ្ឈប់ការប្រើអំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ា៕