(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ សារព័ត៌មាន Standard-Examiner បានរាយការណ៍ថា កងទ័ពអាកាសអាមេរិកបានបញ្ជូនកងអង្គភាព យន្ដហោះចម្បាំងបំបាំងកាយ F-35 មួយក្រុម ទៅកាន់ប្រទេសអេមីរ៉ាតរ៉ាប់រួម បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដាក់ ពង្រាយកងទ័ពបន្ថែម ៣,០០០នាក់ ឱ្យទៅជួយពង្រឹងសមត្ថភាពការពារជាតិ របស់អារ៉ាប៊ីសាអូឌីត ប្រឈមមុខនឹងការ គំរាមកំហែងពីអ៊ីរ៉ង់។
២៖ ការបាញ់បង្ហោះផ្កាយរណប ឬយានអង្កេតការណ៍នានា ដែលធ្វើគោចរជុំវិញភពផែនដីគឺជាក្តីរំភើបប្រកបដោយមោទនភាព របស់អង្គការអវកាស និងបណ្តាប្រទេសនានាជុំវិញពិភពលោក ព្រោះវាបង្ហាញអំពីការរីកចំរើនរបស់ពួកគេ ប៉ុន្តែសម្រាប់ក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រមួយចំនួនវិញ វាគឺជាការរំខានដែលកំពុងក្លាយ ជាសុបិនអាក្រក់កាន់តែវែងអន្លាយ។
៣៖ ចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មតវ៉ា នៅក្នុងប្រទេសឈីលីបានកើនដល់ ២៣នាក់ហើយ ខណៈប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ឈានចូលដល់សប្ដាហ៍ទី ៥ នៃភាពវឹកវរដែលពិបាកនឹងរកច្រកចេញ។
៤៖ រូបភាពថ្មីជាច្រើនសន្លឹកថតដោយផ្កាយរណបក្រុមហ៊ុន Maxar Technologies បានបង្ហាញថា នាវាផ្ទុកយន្ដហោះចម្បាំង ផលិតនៅក្នុងស្រុកដំបូងបំផុតរបស់ចិន Type 001A បានឈប់សំចតនៅឯមូលដ្ឋានទ័ពជើងទឹកក្នុងទីក្រុងយូលីន (Yulin) នៃខេត្តហៃណាន (Hainan) នាពេលថ្មីៗនេះ។
៥៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានប្រកាសឡើយថា លោកនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ គាំទ្របាតុករហុងកុង ដែលនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរកកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ពាណិជ្ជកម្មជាមួយចិន។
៦៖ កងអង្គភាពពិសេសមួយដែលប្រើប្រាស់គ្រឿងយន្ត-រ៉ូបូត (Robotic Machines) ជាគោលនោះនឹងត្រូវបង្កើតឡើងនៅ ឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងក្រសួងការពារជាតិ ចំពោះមុខភាពរីកចំរើននៃវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រយោធានៅលើពិភពលោក ដែលកំពុងមានសន្ទុះខ្លាំងឡើងៗ៕