(សិង្ហបុរី)៖ ទោះបីការរត់លេងយឺតៗ ដើរកម្សាន្តតាមសួនឧទ្យាន ឬក៏បណ្តើរឆ្កែសំណព្វចិត្តឯងដើរលេងដ៏ដោយ វាសុទ្ធសឹងតែជាសកម្មភាពគួរធ្វើជារៀងរាល់ថ្ងៃ ឬយ៉ាងហោចណាស់មួយសប្តាហ៍ឲ្យបានចាប់ពី ៣ម៉ោងឡើងទៅ ដើម្បីឲ្យអារម្មណ៍របស់លោកអ្នកស្រស់ស្រាយ ដោយសារតែការបញ្ចេញជាតិពុលពីក្នុងខ្លួន ស្រូបយកខ្យល់បរិសុទ្ធផង និងបានឃើញទិដ្ឋភាពប្លែកៗនៅខាងក្រៅ ដែលនាំឲ្យអ្នកភ្លេចភាពស្មុគស្មាញនានា។ នេះបើតាមការចេញផ្សាយដោយ CNA នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការសិក្សាថ្មីមួយបានបង្ហាញថា ការធ្វើលំហាត់ប្រាណតាមរយៈការផ្សាភ្ជាប់សកម្មភាពអ្នក ជាមួយនឹងធម្មជាតិខាងក្រៅ វាមិនត្រឹមតែធ្វើឲ្យរាងកាយអ្នកមាំមួនប៉ុណ្ណោះទេ ប៉ុន្តែសុខភាពផ្លូវចិត្តដែលមនុស្សម្នាក្នុងសម័យនេះ កំពុងតែយកចិត្តទុកដាក់ខ្លាំងបំផុតវិញ ក៏នឹងប្រសើរឡើងផងដែរ ជាពិសេសគឺការកាត់បន្ថយឱកាស ដែលអាចឲ្យយើងកើតជំងឺឆាប់បាក់ទឹកចិត្ត ឬ Depression។
ហេតុដូច្នេះក្រុមអ្នកស្រាវជ្រាវ បានណែនាំឲ្យមនុស្សគ្រប់រូប ជាពិសេសអ្នកដែលរវល់ខ្លាំងនឹងការងារការិយាល័យ ព្រមទាំងអ្នកតែងសិក្សាច្រើនម៉ោង គួរតែឆ្លៀតពេលចេញក្រៅបន្ទប់ ដើម្បីហាត់ប្រាណឲ្យបានយ៉ាងហោចណាស់ ៣ម៉ោងក្នុងមួយសប្តាហ៍ (មួយថ្ងៃយ៉ាងហោចណាស់កន្លះម៉ោង) ដើម្បីឲ្យរាងកាយ និងស្មារតីរបស់អ្នកផ្សាភ្ជាប់ជាមួយធម្មជាតិឡើងវិញ ព្រមទាំងគេចផុតពីជំងឺ Depression ដែលពិបាកក្នុងការព្យាបាលបំផុត៕