(ម៉ូស្គូ)៖ កងអង្គភាពពិសេសមួយដែលប្រើប្រាស់គ្រឿងយន្ត-រ៉ូបូត (Robotic Machines) ជាគោលនោះ នឹងត្រូវបង្កើតឡើងនៅឆ្នាំ២០២៥ ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងក្រសួងការពារជាតិ ចំពោះមុខភាពរីកចំរើននៃវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រយោធានៅលើពិភពលោក ដែលកំពុងមានសន្ទុះខ្លាំងឡើងៗ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នាល្ងាចថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រភពពីក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «គំរោងដំណើរការកងអង្គភាពគ្រឿងយន្ត-រ៉ូបូត គឺត្រូវបានបង្កើតឡើងស្ថិតនៅក្នុងយន្តការ នៃការអភិវឌ្ឍគ្រឿងម៉ាស៊ីន-រ៉ូបូតសម្រាប់ប្រយុទ្ធ ដែលនឹងចាប់ផ្តើមចាប់ពីឆ្នាំ២០២០ ខាងមុខនេះតទៅ ហើយរហូតដល់ឆ្នាំ២០២៥ ទើបកងអង្គភាពពិសេសមួយនេះនឹងត្រូវដាក់បញ្ចូលជាផ្លូវការ ទៅក្នុងកងកម្លាំងយោធានៃប្រទេសរុស្ស៊ីតែម្តង»។
គួរបញ្ជាក់តាមប្រភពដដែលឲ្យដឹងទៀតថា កងអង្គភាពខាងលើនេះនឹងត្រូវបំពាក់គ្រឿងយន្ត និងរ៉ូបូតសរុបចំនួន ០៥គ្រឿងក្នុងតំណាក់កាលទីមួយ ដោយពួកវានឹងមានតួនាទីក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការពារសន្តិសុខជាដើម ហើយអ្វីដែលខុសគ្នានោះគឺពីមុនគេប្រើមនុស្ស ០៥នាក់ដើម្បីបញ្ជារ៉ូបូតមួយគ្រឿង ប៉ុន្តែនាពេលខាងមុខ រ៉ូបូត ០៥គ្រឿងនឹងត្រូវបញ្ជាដោយមនុស្សតែម្នាក់ប៉ុណ្ណោះ៕