(វ៉ាស៊ីនតោន)៖ សារព័ត៌មាន Standard-Examiner បានរាយការណ៍ថា កងទ័ពអាកាសអាមេរិកបានបញ្ជូនកងអង្គភាព យន្ដហោះចម្បាំងបំបាំងកាយ F-35 មួយក្រុម ទៅកាន់ប្រទេសអេមីរ៉ាតរ៉ាប់រួម បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រកាសដាក់ ពង្រាយកងទ័ពបន្ថែម ៣,០០០នាក់ ឱ្យទៅជួយពង្រឹងសមត្ថភាពការពារជាតិ របស់អារ៉ាប៊ីសាអូឌីត ប្រឈមមុខនឹងការ គំរាមកំហែងពីអ៊ីរ៉ង់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
យោងតាមសារព័ត៌មាន Standard-Examiner ដោយផ្អែកលើ លោក Steven Behmer ដែលជាមេបញ្ជាការកងអង្គភាព យន្ដហោះចម្បាំងទី៣៨៨ កងទ័ពអាកាសអាមេរិកមកពីកងអង្គភាពយន្ដហោះចម្បាំងទី៣៤ និងទី៤៦៦ បានចាកចេញពី មូលដ្ឋានទ័ពអាកាស ក្នុងរដ្ឋ Utah ឆ្ពោះទៅកាន់មូលដ្ឋានទ័ពអាកាស Dhafra នៃប្រទេសអេមីរ៉ាតអារ៉ាប់រួមហើយ។ ប៉ុន្តែ ខាងក្រសួងការពារជាតិអាមេរិក មិនទាន់អត្ថាធិប្បាយណាមួយ ជុំវិញសេចក្ដីរាយការណ៍នេះនៅឡើយទេ ដោយគ្រាន់តែគេ ដឹងថាកងអង្គភាពទី៣៤ មានបំពាក់ទៅដោយយន្ដហោះ F-35។
គួរបញ្ជាក់ថា យោធាអាមេរិក ក៏បានបញ្ជូនកងអង្គភាពយន្ដហោះចម្បាំងទី៤របស់ខ្លួន ទៅកាន់តំបន់មជ្ឈិមបូព៌ាកាលពីដើម ឆ្នាំកន្លងទៅផងដែរ ហើយអង្គភាពមួយនេះបានត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ក្រោយបញ្ចប់ការដាក់ពង្រាយរយៈពេល អស់៦ខែ៕