(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងលើអគ្គរដ្ឋទូតអាមេរិកម្នាក់ ដែលលោក បានបញ្ចប់តួនាទីកាលពីខែឧសភា កន្លងទៅ ជាមួយការអះអាងថាលោកស្រីមិនព្រមព្យួររូបថតរបស់លោក នៅក្នុងស្ថានទូតអាមេរិកប្រចាំ ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោក ដូណាល់ ត្រាំ បានបញ្ជាក់ថាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុង កៀវ លោកស្រី Marie Yovanovitch បានបដិសេធព្យួររូបថត របស់លោកក្នុងស្ថានទូត។ ប៉ុន្តែ លោកមិនបានបញ្ជាក់លម្អិតពីបញ្ហាដែលកើតឡើងរវាងលោក និងលោកស្រី Yovanovitch នោះទេ។
លោក ត្រាំ បានលើកឡើងដូច្នេះថា៖ «អគ្គរដ្ឋទូតរូបនេះ ដែលអ្នកគ្រប់គ្នានិយាយថាជាមនុស្សអស្ចារ្យ...ប៉ុន្តែគាត់មិនបាន ព្យួររូបថតរបស់ខ្ញុំក្នុងស្ថានទូតនោះទេ ហើយគាត់និយាយអាក្រក់ពីខ្ញុំ, គាត់មិនបានការពារខ្ញុំឡើយ។ ដូច្នេះខ្ញុំមានសិទ្ធិ ផ្លាស់ប្ដូរអគ្គរដ្ឋទូត។ ម្យ៉ាងវិញទៀត រឿងស្ដង់ដារដែលអ្នកត្រូវធ្វើ នោះគឺព្យួររូបថតប្រធានាធិបតីអាមេរិក ក្នុងស្ថានទូត»។
គួរបញ្ជាក់ថា លោកស្រី Yovanovitch គឺជាមនុស្សម្នាក់ក្នុងចំណោមសាក្សី១២នាក់ ដែលបាន និងកំពុងផ្ដល់សក្ខីកម្ម ជុំវិញការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដក លោក ដូណាល់ ត្រាំ ពីតំណែងជាប្រធានាធិបតី ហើយកាលពីសប្ដាហ៍ មុន នៅចំពោះមុខសមាជិកសភាអាមេរិក លោកស្រី ក៏បានអះអាងដែរថាខ្លួនត្រូវបានបណ្ដេញចេញពីតំណែង ដោយសារតែការចោទប្រកាន់ពីភាពមិនស្មោះត្រង់ចំពោះលោក ត្រំា គឺជារឿងមិនពិត៕