(ឈីលី)៖ ចំនួនអ្នកស្លាប់នៅក្នុងបាតុកម្មតវ៉ា នៅក្នុងប្រទេសឈីលីបានកើនដល់ ២៣នាក់ហើយ នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ខណៈប្រទេសក្នុងតំបន់អាមេរិកខាងត្បូងមួយនេះ ឈានចូលដល់សប្ដាហ៍ទី ៥ នៃភាពវឹកវរដែលពិបាកនឹងរកច្រកចេញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
បាតុកម្មតវ៉ារបស់ប្រជាជនឈីលីបានផ្ទុះឡើង តាំងតែពីថ្ងៃ១៨ ខែតុលាមកម្ល៉េះ ដើម្បីប្រឆំាងនឹងបញ្ហាជាច្រើនក្នុងសង្គម និងវិសមភាពសេដ្ឋកិច្ច ហើយវិបត្តិនេះមានលក្ខណៈអាក្រក់បំផុត ក្នុងរយៈពេលបីទសវត្សរ៍មកនេះ។ ដោយឡែកក្រៅតែពីមនុស្សស្លាប់ទាំង ២៣នាក់ មនុស្សច្រើនជាង ២,០០០នាក់ ក៏បានរងរបួសផងដែរក្នុងនោះមាន ២៨០នាក់រងរបួសភ្នែកធ្ងន់ធ្ងរ ដោយសារគ្រាប់កាំភ្លើងឃ្លី ខណៈ ៧០០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
គួរជម្រាបថា បាតុកម្មតវ៉ាកំពុងផ្ទុះឡើងនៅតាមទីក្រុងជាច្រើនក្នុងប្រទេសឈីលី ហើយបច្ចុប្បន្នគេកំពុងទន្ទឹមរង់ចាំមើលថា តើកិច្ចព្រមព្រៀងពីកំណែទម្រង់នយោបាយមួយ ដែលនឹងនាំទៅរកការព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ អាចបន្សាបកំហឹងបាតុករ ឬក៏បង្កភាពចលាចលកាន់តែខ្លាំង៕