(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មិនបានប្រកាសឡើយថា លោកនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់គាំទ្របាតុករហុងកុង ដែលនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការស្វែងរក កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមពាណិជ្ជកម្មជាមួយចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ភាពស្ទាក់ស្ទើរបស់លោក ដូណាល់ ត្រាំ កើតមានឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសុក្រសប្ដាហ៍នេះ និងជាការឆ្លើយតបនឹងសំនួរដែលសួរថា តើលោកនឹងចុះហត្ថលេខា ឬក៏វ៉េតូលើសេចក្ដីព្រាងច្បាប់ស្ពីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្រុងហុងកុង អនុម័តដោយព្រឹទ្ធសភាអាមេរិក ឬក៏យ៉ាងណា។
ជំនួសឱ្យការឆ្លើយដោយត្រង់ៗនឹងសំនួរអ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងប្រាប់អ្នកថា យើងត្រូវតែឈរនៅជាមួយហុងកុង ប៉ុន្តែខ្ញុំក៏ត្រូវឈរនៅខាងលោកប្រធានាធិបតីស៊ីដែរ។ គាត់គឺជាមិត្តម្នាក់របស់ខ្ញុំ និងជាបុរសម្នាក់ដ៏អស្ចារ្យ... ខ្ញុំសង្ឃឹមថា ពួកគេអាចនឹងដោះស្រាយបញ្ហាបាន»។
គួរជម្រាបថា ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនមួយនេះ។
ក្រោយការបោះឆ្នោតអនុម័តដោយព្រឹទ្ធសភា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិក មុននឹងបញ្ជូនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិចារណា និងចុះហត្ថលេខា។ សេចក្ដីព្រាងច្បាប់នេះគឺមានគោលដៅការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ដូចជាហាមឃាត់ផងដែរនូវការនាំចេញអាវុធមួយចំនួន ក្នុងនោះមានដូចជាឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ឧបករណ៍បាញ់ម្សៅម្រេច និងកាំភ្លើងឆក់ជាដើមឱ្យកងកម្លាំងប៉ូលិសហុងកុង៕