(ម៉ូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក អូឡេក សាយរ៉ូម៉ូឡូតូវ (Oleg Syromolotov) បានថ្កោលទោស និងចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី ជាពិសេសនៅក្បែរតំបន់ប្រេងគឺជាទង្វើបំផ្លិចបំផ្លាញ និងបង្កអស្ថេរភាព។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Syromolotov ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃសុក្រនេះ ហើយមិនតែប៉ុណ្ណោះអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ ក៏បានលើកឡើងពីការសង្ស័យមួយចំនួនផងដែរ ពាក់ព័ន្ធនឹងប្រតិបត្តិការសម្លាប់មេ ISIS អាប៊ូ បាកឺ អាល់បាកដាឌី (Abu Bakr al-Baghdadi)។ លោក Syromolotov បានសង្កត់ធ្ងន់ដូច្នេះថា «យោធារបស់យើងមិនបានទទួលព័ត៌មាន គួរឱ្យទុកចិត្តណាមួយពីការដឹកនាំប្រតិបត្តិការសម្លាប់ Abu Bakr al-Baghdadi នោះទេ... តែយើងអាចនិយាយបានថា សកម្មភាពរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសស៊ីរី ជាពិសេសនៅក្បែរតំបន់ប្រេងគឺជាទង្វើបំផ្លិចបំផ្លាញ និងបង្កអស្ថេរភាព»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែតុលា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា al-Baghdadi ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធាអាមេរិក នៅក្នុងខេត្តអ៊ីដលីប (Idlib) ប្រទេសស៊ីរី។ ចំណែកឯពួក ISIS ក៏បានទទួលស្គាល់មរណភាពនេះដែរ និងបានជ្រើសរើសមេកើយថ្មីឈ្មោះ អាប៊ូ អ៊ីប្រាហ៊ីម អាល់ហាហ្សេមី អាល់គួរ៉ាស៊ី (Abu Ibrahim al-Hashemi al-Qurashi)៕