(ភ្នំពេញ)៖ នៅថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាសណ្ឋាគារកាំបូឌីយ៉ាណា អង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) សហការជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាមួយស្តីពីឌីជីថលនីយកម្ម និងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ ក្នុងគោលដៅបង្ហាញអ្នកធ្វើគោលនយោបាយអំពីនិន្នាការបច្ចុប្បន្ន និងគោលនយោបាយថ្មីទាក់ទងទៅនឹងបញ្ហាប្រឈម និងឱកាសពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (4IR)។
ដោយផ្តោតលើការធ្វើបច្ចុប្បន្នភាពដល់អ្នកបង្កើតគោលនយោបាយ អំពីនិន្នាការចុងក្រោយបំផុត នៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤ (4IR) សិក្ខាសាលានេះបានរៀបចំឱ្យមានការពិភាក្សាជាក្រុម ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សារុន រិទ្ធា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មនៃប្រទេសកម្ពុជា បណ្ឌិត Pichet Durongkaveroj អតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឌីជីថល និងសង្គមនៃប្រទេសថៃ បណ្ឌិត Sanghoon KIM សមាជិកស្រាវជ្រាវនៅវិទ្យាស្ថានកូរ៉េ KIET និងជាទីប្រឹក្សារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល (MoTIE) ប្រទេសកូរ៉េខាងត្បូង និងតំណាងមកពីវិស័យឯកជន គឺលោក Victor Zhang នាយកបច្ចេកទេស (CTO) នៃក្រុមហ៊ុន Huawei Cambodia & Laos។
លោក Victor Zhang បានបញ្ជាក់ថា ប្រទេសកម្ពុជាអំពាវនាវឱ្យមានបច្ចេកវិទ្យា 5G ហើយឥឡូវនេះ វាដល់ពេលដែលត្រូវចាប់ផ្តើមដាក់ឲ្យដំណើរការ 5G ដើម្បីជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ នៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា ICT ដើម្បីអាចសម្រេចបាននូវគោលដៅ នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ (4IR) ។
លោក Victor មានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាយ៉ាងដូច្នេះថា «ឆ្នាំ២០២០ នឹងក្លាយជាគោលដៅដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មានវិទ្យា (ICT) ព្រោះវាជាឆ្នាំដែលកត់សម្គាល់ពីការចាប់ផ្តើម នៃភាពទូលំទូលាយនៃការប្រើប្រាស់ជាផ្លូវការនៃបច្ចេកវិទ្យា 5G ។
ប្រសិនបើយើងក្រឡេកទៅមើលបច្ចេកវិទ្យា 2G, 3G, 4G យើងអាចនិយាយបានថា បច្ចេកវិទ្យាទាំងនោះភាគច្រើន គឺជាការតភ្ជាប់ទំនាក់ទំនងរវាងមនុស្ស។ ចំណែកឯនៅក្នុងយុគសម័យ 5G វិញ វាមានលទ្ធភាពតភ្ជាប់អ្វីៗគ្រប់សព្វបែបយ៉ាង ដោយបើកចំហរាល់ការសហការគ្នា នៅក្នុងវិស័យឧស្សាហកម្មជាច្រើន។ ខណៈដែលយើងកំពុងនិយាយអំពី IR4.0 យើងក៏ចាំបាច់និយាយពី IABC (IoT, AI, Big Data, Cloud) និង 5G ផងដែរ ដែលវាក៏ជាហេដ្ឋារចនាសម្ព័ន្ធ ICT ដ៏សំខាន់មិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការធ្វើឌីជីថលនីយកម្ម។ បើគ្មាន 5G នោះរាល់កម្មវិធីដែលបានរៀបរាប់ខាងលើ គឺមិនអាចមានបានដែរ។»
លោកបន្ថែមទៀតថា «យើងមានមោទកភាពណាស់ដែលបានឃើញប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការបច្ចេកវិទ្យា 4G របស់ខ្លួនកាលពីឆ្នាំ២០១២ ហើយបានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងតំបន់អាស៊ាន ខណៈពេលដែលយើងនៅយឺតបន្តិចចំពោះបច្ចេកទេស 5G។ ការធ្វើឱ្យចក្ខុវិស័យឌីជីថលឲ្យក្លាយជាការពិតទៅបាន តម្រូវឲ្យមានការខិតខំប្រឹងប្រែងរួមគ្នារវាងរដ្ឋាភិបាល វិនិយោគិន ឧស្សាហកម្មនានា និងសង្គមជាតិទាំងមូល ហើយស្នើឲ្យមានទស្សនវិស័យវែងឆ្ងាយសម្រាប់រដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសអំណោយផលមួយដល់អ្នកវិនិយោគ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទំនាក់ទំនងព័ត៌មានវិទ្យា និងដាក់ចេញនូវគោលនយោបាយដូចជាការលើកទឹកចិត្តពន្ធ ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថល ផ្តល់នូវល្បឿនអ៊ិនធឺណិតដ៏លឿន និងផ្តល់នូវធនធាន spectrum ដ៏ប្រសើរ ជាមួយមានគោលការណ៍ប្រដបដោយភាពវិជ្ជមាន ក្នុងការបំពាក់បច្ចេកវិទ្យា 5G »។
គ្រប់ប្រតិបត្តិករទាំងអស់នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមសាកល្បងបច្ចេកវិទ្យា 5G របស់ខ្លួនហើយ ឥឡូវនេះពួកគេកំពុងរង់ចាំយ៉ាងអន្ទះសារ ចំពោះការទទួលបានអាជ្ញាប័ណ្ណពាណិជ្ជកម្ម 5G ហើយបទពិសោធន៍នៃការទទួលយកល្បឿនអ៊ិនធឺណិតចល័ត នាពេលបច្ចុប្បន្ននេះនឹងអាចត្រូវបានធ្វើ ឱ្យប្រសើរឡើងបន្ថែមទៀតដោយបច្ចេកវិទ្យា 5G ហើយក្នុងចំណោមប្រជាជនចំនួន ៣.៥លានគ្រួសារនៅក្នុងប្រទេសកម្ពុជា មានតែ ៦% ប៉ុណ្ណោះ ដែលមានអ៊ីនធឺណិតប្រើប្រាស់នៅតាមផ្ទះ។ 5G គឺជាបច្ចេកវិទ្យា ដែលមានប្រសិទ្ធភាពបំផុត ដើម្បីធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់អ៊ីនធឺណិតនៅតាមផ្ទះ។ សហគ្រាសចំនួន ៥ ម៉ឺនសហគ្រាសនៅភ្នំពេញ ក្រុងព្រះសីហនុ សៀមរាប និងបាត់ដំបង បច្ចេកវិទ្យា 5G គឺជាជម្រើសដ៏ត្រឹមត្រូវសម្រាប់អតិថិជន នៃសហគ្រាសទាំងនេះ»។
លោក Victor បានបញ្ជាក់ទៀតថា ជាមួយនឹងបច្ចេកវិទ្យាឈានមុខគេដូចជា 5G, Cloud និង AI ក្រុមហ៊ុន Huawei បានប្តេជ្ញាចិត្តក្លាយជាស្ថាប័ន ដែលអាចបង្កើតនូវឌីជីថលសម្រាប់កម្ពុជា ក៏ដូចជាអាស៊ានដោយផ្តល់ការប្រឹក្សាយោបល់ អំពីយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិ គាំទ្រដល់ការផ្លាស់ប្តូរបច្ចេកវិទ្យាឌីជីថល នៅក្នុងឧស្សាហកម្មផ្សេងៗ ការបង្កើតប្រព័ន្ធ ecosystem ដ៏ប្រសើរ និងបណ្តុះបណ្តាលកម្លាំងពលកម្មផ្នែកឌីជីថល។
នៅក្នុងដំណើរនេះ ក្រុមហ៊ុន Huawei បានបណ្តុះបណ្តាលទេពកោសល្យ ICT រាប់រយនាក់នៅក្នុងប្រទេសកម្ពុជា តាមរយៈការឧបត្ថម្ភ និងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពដូចជាកម្មវិធី «គ្រាប់ពូជដើម្បីអនាគត» និង «Huawei Authorized Information and Network Academy» ជាដើម ហើយសម្រាប់ឆ្នាំ២០២០
ក្រុមហ៊ុន Huawei គ្រោងនឹងបង្កើតគំនិតផ្តួចផ្តើមមួយ អំពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតនៃបច្ចេកវិទ្យា 5G ដើម្បីជួយកម្ពុជាក្នុងការបណ្តុះបណ្តាលទេពកោសល្យ 5G ក្នុងស្រុក និងចាប់យកបានកាន់តែប្រសើរសម្រាប់ IR4.0៕