(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃសុក្រនេះបានបញ្ជាក់ជាថ្មីថា ចិនត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងប៉េកាំងនឹងតស៊ូប្រយុទ្ធក្នុងសង្រ្គាមពាណិជ្ជកម្ម នៅក្នុងករណីចំាបាច់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការព្រមានទុកជាមុនរបស់លោក ស៊ី ជិនពីង ធ្វើឡើងចំពោះមុខក្រុមអ្នកតំណាងក្នុងវេទិកាអន្តរជាតិមួយ និងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ គំរាមដំឡើងពន្ធជាថ្មីបើសិនជាទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មិនអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក ស៊ី ជិនពីង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងស្មើភាព... ប៉ុន្តែនៅពេលចាំបាច់ យើងនឹងតស៊ូប្រយុទ្ធក្នុងសង្រ្គាមពាណិជ្ជកម្ម បើទោះជាយើងមិនចង់ធ្វើ និងមិនមែនជាអ្នកបង្កសង្រ្គាមនេះមុនក៏ដោយ»។
គួរបញ្ជាក់ថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ នៅដើមខែធ្នូ។ ប៉ុន្តែអ្នកជំនាញខ្លះយល់ថា កិច្ចព្រមព្រៀងនេះអាចនឹងលើកពេលចុះហត្ថលេខានៅឆ្នាំក្រោយ ហើយអ្វីដែលគេត្រូវទន្ទឹមរង់ចាំមើលនោះ គឺតើការដំឡើងពន្ធលើទំនិញចិន ១៥៦ពាន់លានដុល្លារនឹងត្រូវចូលជាធរមានដែរ ឬទេនៅថ្ងៃទី១៥ ខែធ្នូខាងមុខនេះ៕