(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅទីក្រុង Bandung បានដាក់ចេញនូវយុទ្ធនាការគួរឲ្យចាប់អារម្មណ៍មួយ ក្រោមគោលដៅកាត់បន្ថយកុំឲ្យក្មេងៗសិស្សសាលាញៀននឹងឧបករណ៍អេឡិចត្រូនិចដូចជាស្មាតហ្វូនខ្លាំងពេក គឺតាមរយៈការចែកកូនមាន់ឲ្យពួកគេយកទៅចិញ្ចឹមម្នាក់មួយៗ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន France24 នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
អាជ្ញាធរទីក្រុង Bandung ដែលស្ថិតនៅចម្ងាយប្រមាណ១៥០គីឡូម៉ែត្រ ភាគអាគ្នេយរដ្ឋធានីហ្សាការតារបស់ប្រទេសឥណ្ឌូណេស៊ី បានដាក់ឈ្មោះគម្រោងនេះថា «Chickenisation»។ ក្នុងកម្មវិធីកាត់ខ្សែបូចាប់ផ្តើមយុទ្ធនាការកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ កូនមាន់ជាង១០ក្បាល ត្រូវបានផ្តល់ក្នុងជំហានដំបូងឲ្យដល់កូនសិស្សដើម្បីមើលថែ ហើយទ្រុងដាក់កូនបក្សីទាំងនោះមានភ្ជាប់នូវស្លាកដែលសរសេរថា «សូមមើលថែទាំពួកខ្ញុំឲ្យបានល្អ»។ តាមការគ្រោងទុក កូនមាន់អាយុ៤ថ្ងៃសរុបប្រហែល២,០០០ក្បាល នឹងត្រូវចែកឲ្យសិស្សនៅតាមបឋមសិក្សា និងអនុវិទ្យាល័យនៅក្នុងទីក្រុង Bandung ក្នុងកំឡុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរជម្រាបថា ក្មេងៗទាំងអស់នោះនឹងមានភារកិច្ច ត្រូវផ្តល់ចំណីឲ្យសត្វចិញ្ចឹមថ្មីនេះរបស់ពួគគេជាប្រចាំ គឺនៅមុនពេលចេញទៅសាលារៀន និងក្រោយពេលមកពីសាលារៀនវិញ ហើយពួកគេអាចសម្រេចទុកកូនមាន់ពួកគេនៅផ្ទះក៏បាន ឬក៏ទុកទៅក្នុងបរិវេណសាលាក៏បានដែរ បើសិនជាពុំមានកន្លែងដើម្បីទុកនៅផ្ទះទេនោះ។ អភិបាលក្រុង Bandung លោក Oded Muhammad Danial បានលើកឡើងថា យុទ្ធនាការមិនត្រឹមតែមានគោលដៅកាត់បន្ថយទម្លាប់លេងទូរស័ព្ទស្មាតហ្វូនរបស់ក្មេងៗសិស្សសាលាប៉ុណ្ណោះទេ គឺថែមទាំងជាផ្នែកមួយផែនការថ្នាក់ជាតិមួយ ដែលផ្តួចផ្តើមដោយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ដើម្បីពង្រីកវិសាលភាពនៃការអបរំសម្រាប់ពួកគេផងដែរ។
ដោយឡែក សម្រាប់មាតា-បិតាជាអាណាព្យាបាលសិស្ស បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះ ការដាក់ចេញនូវយុទ្ធនាការនេះរបស់អាជ្ញាធរក្រុង Bandung ដោយពួកគេបាននិយាយថា ការមើលថែទាំកូនមាន់អាចផ្តល់អត្ថប្រយោជន៍ និងគុណតម្លៃបានច្រើនសម្រាប់ក្មេងៗជាជាងការងប់លេងស្មាតហ្វូន។ យ៉ាងណាមិញ សម្រាប់សមីខ្លួនដែលជាក្មេងៗសិស្សសាលាផ្ទាល់ បានបញ្ចេញការយល់ឃើញរបស់ពួកគេថា ការលេងទូរស័ព្ទដៃស្មាតហ្វូន គឺជារឿងគួរឲ្យអារម្មណ៍ជាងការចិញ្ចឹមកូនមាន់៕