(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចង់ឱ្យនីតិវិធីដកតំណែងប្រធានាធិបតី ត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ពីព្រោះនៅទីនេះលោកអាចនឹងទទួលបាននីតិវិធីដ៏ត្រឹមត្រូវ ហើយលោកក៏រំពឹងដែរថា បេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) អាចនឹងចូលរួមជាសាក្សីម្នាក់។ នេះបើតាមប្រភពពីសេតវិមានដកស្រង់ និងចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកនាំពាក្យសេតវិមាន លោក ហូហ្គេន ហ្គីដឡេយ (Hogan Gidley) បានធ្វើការកត់សម្គាល់ដូចខាងលើ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ លោក Gidley បានលើកឡើងយ៉ាងដូច្នេះថា «លោកប្រធានាធិបតី ត្រាំ ចង់ឱ្យនីតិវិធី ឬការស៊ើបអង្កេតត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ពីព្រោះមានតែទីនេះតែមួយគត់ ដែលលោកអាចរំពឹងទទួលបានយុត្តិធម៌ និងនីតិវិធីដ៏ត្រឹមត្រូវអនុលោមតាមរដ្ឋធម្មនុញ្ញ»។
អ្នកនាំពាក្យសេតវិមានបានបន្ថែមទៀតថា «យើងក៏រំពឹងផងដែរថា នឹងមានការចូលរួមពីសាក្សីដូចជា លោក អាដាម ស្គីហ្វ (Adam Schiff), លោក Joe Biden, លោក ហាន់ធើ បៃដិន (Hunter Biden) និងមនុស្សផ្សេងទៀតដែលហៅខ្លួនឯងថា អ្នកទម្លាយរឿងសំងាត់»។
គួរជម្រាបថា គណៈកមា្មធិការស៊ើបអង្កេត នៃសភាតំណាងរាស្ត្រអាមេរិក ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានដឹកនាំការសវនាការស្ដាប់លើកទី ៥ ស្ដីពីការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដកតំណែង លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានគេចោទប្រកាន់ថា បើកដៃឱ្យបរទេសលូកដៃចូលក្នុង កិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ តាមរយៈការដាក់សម្ពាធឱ្យអ៊ុយក្រែន ស៊ើបអង្កេតប្រឆាំងពីបទពុករលួយប្រឆាំងលោក ចូ បៃដិន (Joe Biden) ដែលត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងដ៏ធំរបស់លោក។
ប៉ុន្តែលោក ត្រាំ បានទាត់ចោលរាល់ការចោទប្រកាន់ ហើយលោកក៏បានតបវិញដែរថា ការស៊ើបអង្កេតដើម្បីដំណើរការនីតិវិធីដករូបលោកពីតំណែង ពីសំណាក់ក្រុមសភាតំណាងបក្សប្រជាធិបតេយ្យ គឺជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញ។ ម្យ៉ាងវិញទៀត វាមិនមែនជារឿងចម្លែកនោះទេ ដែលលោក ត្រាំ ចង់ឱ្យនីតិវិធីបច្ចុប្បន្ន ត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាអាមេរិក ពីព្រោះនៅទីនោះគ្រប់គ្រងដោយ គណបក្សសាធារណរដ្ឋរបស់លោក៕