(សេអ៊ូល)៖ លោក មូន ចេអ៉ិន (Moon Jae-in) បានក្លាយជាប្រធានាធិបតីថ្មីទី១២ របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទទួលបានសម្លេងគាំទ្រក្នុងការបោះឆ្នោត តទល់នឹងបេក្ខជនប្រធានាធិបតីពីររូបផ្សេងទៀត។ ការបោះឆ្នោតត្រូវបានរៀបចំឡើង ដើម្បីជ្រើសរើសប្រធានាធិបតីថ្មី ជំនួសលោកស្រី ផាក គឺនហេ (Park Geun-hye) ដែលត្រូវបានទម្លាក់ពីដំណែង ក្រោមបទចោទប្រកាន់ពីបទស៊ីសំណូក និងរឿងអាស្រូវ។
* ក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧
* មេដឹកនាំបក្សប្រជាធិបតេយ្យ៖ ពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦
* សមាជិកសភាជាតិ៖ ពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦
* ថ្ងៃខែឆ្នាំកំណើត៖ ថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៥៣ (វ័យ៦៤ឆ្នាំ)
* ភរិយា៖ លោកស្រី គីម ចុងស៊ុក (Kim Jong-suk)
* កូន៖ ពីរនាក់ (ស្រីមា្នក់ ប្រុសម្នាក់)
* ជីវិតពីកុមារភាព និងការសិក្សា៖
កើតក្នុងទីក្រុង ចូចេ (Geoje) ប្រទេសកូរ៉េខាងត្បូង កុមារ Moon Jae-in ជាកូនប្រុសច្បងម្នាក់ ដោយមានឪពុកឈ្មោះ យ៉ុងយុង (Yong-hyung) និងម្តាយឈ្មោះ កាង ហានអុក (Kang Han-ok) ព្រមទាំងមានបងប្អូនប្រាំនាក់។ ឪពុករបស់លោកជាជនភៀសខ្លួនពីខេត្ត ហាមក្យេ (Hamgye) ខាងត្បូង។
បន្ទាប់ពីការផ្លាស់ប្តូរទីលំនៅពីរបីដង ទីបំផុតក្រុមគ្រួសាររបស់លោកបានមករស់នៅក្នុងទីក្រុង ប៊ូសាន (Busan) ហើយកុមារា Moon បានចូលសិក្សានៅសាលា គ្យុងណាម (Kyungnam)។ ក្រោយមក Moon បានចូលសិក្សានៅសកលវិទ្យាល័យ គ្យុងហ៊ី (Kyunghee) ឯកទេសផ្នែកច្បាប់។
យុវជនរូបនេះត្រូវបានចាប់ខ្លួន និងបណ្តេញចេញពីសកលវិទ្យាល័យ បន្ទាប់ពីលោកប្រមូលផ្តុំនិស្សិតដើម្បីធ្វើបាតុកម្មប្រឆាំងច្បាប់ផ្តាច់ការ យូស៊ីន (Yushin)។ ក្រោយមកលោកត្រូវជាប់កំណែនធ្វើជាយោធា និងត្រូវបានតែងតាំងជាកងកម្លាំងពិសេស។
បន្ទាប់ពីរួចពីកំណែនលោកបានប្រឡងជាប់ Bar Exam និងត្រូវបានអនុញ្ញាតចូលសិក្សានៅវិទ្យាស្ថានស្រាវជ្រាវ និងហ្វឹកហាត់ផ្នែកចៅក្រម។
ទោះបីបានសិក្សាខ្ពស់លើផ្នែកនេះក្តី តែលោកមិនអាចក្លាយជាចៅក្រម ឬព្រះរាជអាជ្ញាបានឡើយ ដោយសារលោកធ្លាប់មានប្រវត្តិធ្វើជា សកម្មជនប្រឆាំងរបបផ្តាច់ការ ក្នុងពេលដែលលោកនៅជានិស្សិត ហេតុនេះលោក Moon បានជ្រើសរើសធ្វើជាមេធាវីជំនួសវិញ។
លោក Moon បានរៀបការជាមួយកញ្ញា គីម ចុងស៊ុក (Kim Jong-suk) ជាតារាចម្រៀងម្នាក់ ដែលធ្លាប់សិក្សានៅសកលវិទ្យាល័យរួមគ្នា។ អ្នកទាំងពីរមានកូនពីរនាក់ គឺស្រីម្នាក់ និងប្រុសម្នាក់។
* ការចាប់ផ្តើមអាជីពការងារ៖
បន្ទាប់ពីក្លាយជាមេធាវី លោកបានចាប់ដៃគូ និងធ្វើការជាមួយប្រធានាធិបតី រ៉ូ មូយុន (Roh Moo-hyun ដែលកាលនោះលោក Roh មិនទាន់ជាប់ឆ្នោតនៅឡើយ)។ អ្នកទាំងពីរបន្តធ្វើជាមិត្តជិតស្និតនឹងគ្នា រហូតដល់ឆ្នាំ២០០៩ នៅពេលដែលលោក Roh Moo-hyun បានធ្វើអត្តឃាតខ្លួនឯង។ ក្នុងពេលរាប់គ្នាលោក បានធ្វើការក្នុងផ្នែកសិទ្ធមនុស្ស និងសិទ្ធិជនស៊ីវិល។ លោកជាសមាជិករបស់ មីនប្យុន (Minbyun) និងជាប្រធានសិទ្ធិមនុស្សនៅ ប៊ូសានបារ (Busan Bar) ផងដែរ។
ដោយការទទូចពីលោក Roh ដែលជាមិត្តភក្តិ ទើបលោក Moon បានធ្វើជាអ្នកគ្រប់គ្រងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងអំឡុងពេលដែលលោក Roh ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ បន្ទាប់ពីលោក Roh ជាប់ឆ្នោត លោក Moon បានក្លាយជាប្រធានបុគ្គលិក និងជាជំនួយការជំនិតរបស់ប្រធានាធិបតី។ លោកបានកាន់កាប់ដំណែងជាច្រើនក្នុងអាណត្តិរបស់លោក Roh។
បន្ទាប់ពីព្រះរាជអាជ្ញាចាប់ផ្តើមធ្វើការស៊ើបអង្កេតរកឃើញ ការប្រព្រឹត្តអំពើពុករលួយរបស់លោក Roh, លោក Moon បានក្លាយជាប្រឹក្សាស្របច្បាប់មិត្តភក្តិរបស់លោក។ ហើយបន្ទាប់ពី Roh ធ្វើអត្តឃាត, លោក Moon ជាអ្នករៀបចំកម្មវិធីបុណ្យ និងកាន់កាប់រាល់កិច្ចការឯកជននានាជំនួស។
នៅចំពោះមុខមហាជន លោកត្រូវបានគេស្គាល់ថា ជាជំនួយការដ៏គួរទុកចិត្ត និងគួរស្ងើចសរសើរ ហើយអ្នកសេរីនិយមក្នុងប្រទេសកូរ៉េភាគច្រើន ចាត់ទុកលោក Moon ជាបេក្ខជនដ៏គួរចាប់អារម្មណ៍ម្នាក់ប្រឆាំងនឹងលោកស្រី ផាក គឺនហេ (Park Geun-hye) ក្នុងពេលលោកស្រីនៅជាបេក្ខជនប្រធានាធិបតី។
* ការចាប់ផ្តើមប្រឡូកក្នុងកិច្ចការនយោបាយ (២០១២ ដល់២០១៧)៖
ក្នុងឆ្នាំ២០១២ លោក Moon បានឈរឈ្មោះបោះឆ្នោតដណ្តើមអាសនៈក្នុងសភា ក្នុងព្រឹត្តិការណ៍បោះឆ្នោតលើកទី១៩។ លោកទទួលបានអាសនៈក្នុងសភាដំណាងខេត្ត ប៊ូសាន (Busan) នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ក្នុងនាមជាសមាជិក នៃបក្សសម្ព័ន្ធប្រជាធិបតេយ្យជាមួយនឹងសម្លេងគាំទ្រ ៥៥ភាគរយ។
* យុទ្ធនាការឃោសនាប្រធានាធិបតីឆ្នាំ២០១២៖
ក្នុងខែកញ្ញា ឆ្នាំ២០១២ លោក Moon ធ្លាប់ត្រូវបានតែងតាំងជាបេក្ខជនប្រធានាធិបតីម្តងផងដែរ ដំណាងបក្សសម្ព័ន្ធប្រជាធិបតេយ្យ។ លោកបានឈរ ឈ្មោះបោះឆ្នោតដើម្បីប្រកួតប្រជែងនឹងបេក្ខជនប្រធានាធិបតីពីររូបទៀត គឺលោកស្រី ផាក គឺនហេ (Park Geun-hye) និងលោក អាន ចុលស៊ូ (Ahn Cheol-soo)។ ហើយទីបំផុតលោក Ahn ទទួលបានជោគជ័យ។
* មេដឹកនាំបក្សប្រឆាំង៖
លោក Moon ត្រូវបានគេបោះឆ្នោតគាំទ្រឲ្យធ្វើជាមេដឹកនាំបក្សសម្ព័ន្ធនយោបាយថ្មី ដើម្បីប្រជាធិបតេយ្យក្នុងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥។
* ការបោះឆ្នោតឆ្នាំ២០១៧៖
លោក Moon ត្រូវបានចាត់ទុកជាបេក្ខជនប្រធានាធិបតី ដែលនាំមុខគេមួយរូប ក្នុងព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីលើកទី ១៩ ដែលប្រព្រឹត្តទៅនៅខែឧសភា ឆ្នាំ២០១៧ ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ លោក Moon បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ហើយទទួលជ័យជម្នះក្នុងការក្លាយជាប្រធានាធិបតីប្រទេសកូរ៉េខាងត្បូង។
* តំណែងជាប្រធានាធិបតី៖
លោក Moon បានស្បថចូលកាន់ដំណែងភ្លាមៗ បន្ទាប់ពីការរាប់សន្លឹកឆ្នោតបញ្ចប់នៅថ្ងៃទី១០ ខែឧសភានេះ ដោយគ្មានដំណាក់កាលអន្តរភាពរវាងការបោះឆ្នោត និងការតែងតំាងឡើយ។ ការបោះឆ្នោតលើកនេះខុសពីលើកមុន ដោយសារវាត្រូវបានរៀបចំឡើងភ្លាមៗ បន្ទាប់ពីអតីតប្រធានាធិបតីត្រូវរងការចោទប្រកាន់ និងទម្លាក់ពីដំណែង។
សូមជម្រាបថា ប្រធានាធិបតីទើបជាប់ឆ្នោតរូបនេះ នឹងកាន់អំណាចរយៈពេលប្រាំឆ្នាំ ដោយនឹងបញ្ចប់អាណត្តិរបស់លោកក្នុងឆ្នាំ២០២២ខាងមុខ៕