(អ៊ីស្រាអែល)៖ អគ្គរដ្ឋអាជ្ញាអ៊ីស្រាអែល បានចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) ពីបទពុករលួយ ក្លែងបន្លំ និងរំលោភសេចក្ដីទុកចិត្ត នៅក្នុងបទចោទបីករណីផ្សេងៗពីគ្នា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Netanyahu ត្រូវបានគេចោទប្រកាន់ថា បានទទួលអំណោយជាគ្រឿងអលង្កា ស្រាសំប៉ាញ និងស៊ីហ្គាដ៏ប្រណិតមានតម្លៃជិត ២០០,០០០ដុល្លារអាមេរិកពីអ្នកជំនួញដ៏ស្ដុកស្ដម្ភម្នាក់ និងប្រើប្រាស់អំណាចជានាយករដ្ឋមន្ត្រី ទៅកែប្រែក្របខ័ណ្ឌនៃបទប្បញ្ញត្តិមួយចំនួន ជាថ្នូរដើម្បីឱ្យប្រព័ន្ធផ្សព្វផ្សាយមួយជួយចុះផ្សាយល្អពីខ្លួនឯង។ ប៉ុន្តែលោក Netanyahu បានចាត់ទុកថា ការចោទប្រកាន់នេះគឺជាការព្យាយាមធ្វើរដ្ឋប្រហារ ហើយលោកនឹងមិនព្រមចុះចេញពីតំណែងឡើយ។
គួរបញ្ជាក់ថា តាមរយៈការចោទប្រកាន់នេះ លោក Netanyahu បានក្លាយជានាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដំបូងគេបំផុតដែលត្រូវបានចោទប្រកាន់ពីបទល្មើស កំឡុងពេលខ្លួនកំពុងកាន់អំណាច។ តែទោះជាយ៉ាងនេះក្ដី លោកនឹងមិនត្រូវតម្រូវឱ្យចុះចេញពី តំណែងនោះទេ រហូតទាល់តែលោកត្រូវបានតុលារកាត់ទោស ហើយការចោទប្រកាន់នេះទៀតសោត ធ្វើឡើងនៅចំពេល អ៊ីស្រាអែលកំពុងជួបវិបត្តិនយោបាយ តាមរយៈការបង្កើតរដ្ឋាភិបាលចម្រុះបន្ទាប់ពីការបោះឆ្នោតសកល ដែលត្រូវបានធ្វើឡើងដល់ទៅពីរលើក គឺកាលពីខែមេសា និងខែកញ្ញាកន្លងទៅ៕