(សេអ៊ូល)៖ កូរ៉េខាងត្បូងគឺជាប្រទេសជឿនលឿន និងមានឥទ្ធិពលមួយនៅក្នុងតំបន់អាស៊ី និងជាបងប្អូនបង្កើតរបស់កូរ៉េខាងជើង ដែលបានព្រាត់បា្រស់គ្នារហូតដល់ពុះចែកប្រទេសជាពីរ បន្ទាប់ពីសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។ សង្រ្គាមកូរ៉េបានបិទបញ្ចប់នៅឆ្នាំ១៩៥៣ ដោយគ្មានសន្ធិសញ្ញាសន្តិភាព ដែលនេះបន្សល់ទុកឱ្យបងប្អូនកូរ៉េទាំង២ នៅតែបន្តស្ថិតនៅក្នុងស្ថានភាពសង្រ្គាម ព្រមទាំងមានវាសនាខុសគ្នា ដោយកូរ៉េខាងត្បូងបានក្លាយជាប្រទេសអភិវឌ្ឍន៍ រីឯកូរ៉េខាងជើងកំពុងហែលឆ្លងភាពក្រីក្រនៅឡើយ។
តាមការអញ្ជើញរបស់ លោក មូន ចែអ៉ីន (Moon Jae-in) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
សូមស្វែងយល់ពីប្រវត្តិខ្លះនៃសាធាណរដ្ឋកូរ៉េ ជាទីដែលសម្តេចតេជោ ហ៊ុន សែន ត្រៀមទៅបំពេញទស្សនកិច្ចនៅទីនោះ
១៖ ប្រទេសកូរ៉េខាងត្បូង ឬសាធារណរដ្ឋកូរ៉េ (ROK)
* កូរ៉េខាងត្បូងមានឈ្មោះផ្លូវការ៖ សាធារណរដ្ឋកូរ៉េ ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៨ ក្រោមការគំាទ្រពីសំណាក់អង្គការសហប្រជាជាតិ (UN) និងសហរដ្ឋអាមេរិក។
* ប្រជាជន៖ ៥១.៤៧លាននាក់ (ឆ្នាំ២០១៧, ធនាគារពិភពលោក World Bank)
* ផ្ទៃក្រឡា៖ ១០០,២១០គីឡូម៉ែត្រក្រឡា
* រដ្ឋធានី៖ សេអ៊ូល
* ភាសាផ្លូវការ-ជាតិ៖ កូរ៉េ
* សាសនាចម្បង៖ ព្រះពុទ្ធសាសនា និងគ្រិស្ដសាសនា
* អត្រាសង្ឃឹមរស់៖ មនុស្សប្រុស ៧៧ឆ្នាំ, មនុស្សស្រី ៨៤ឆ្នាំ
* រូបិយប័ណ្ណ៖ វ៉ុន (Won)
* ប្រធានាធិបតី៖ លោក មូន ជែអ៉ិន (ជាប់ឆ្នោតជាប្រធានាធិបតីកូរ៉េខាងត្បូង នៅខែឧសភា ឆ្នាំ២០១៧)
២៖ ទីតាំងភូមិសាស្ត្រនៃប្រទេសកូរ៉េខាងត្បូង
កូរ៉េខាងត្បូងស្ថិតនៅក្នុងតំបន់អាស៊ីខាងកើត ដែលលាតសន្ធឹងនៅលើប៉ែកខាងត្បូងនៃឧបទ្វីបកូរ៉េ។ ប្រទេសមួយនេះមានព្រំដែនភាគខាងជើងជាប់នឹង ប្រទេសកូរ៉េខាងជើង, ភាគខាងកើតជាប់សមុទ្រជប៉ុន, ភាគខាងត្បូងជាប់សមុទ្រចិនខាងកើត និងភាគខាងលិចជាប់សមុទ្រលឿង (Yellow Sea)។
កូរ៉េខាងត្បូងមានផ្ទៃដីគ្របដណ្ដប់ ៤៥ភាគរយនៃផ្ទៃដីឧបទ្វីបកូរ៉េទាំងមូល (កូរ៉េខាងជើង៥៥%) ហើយមានរដូវចំនួនបួនគឺ រដូវត្រជាក់ដែលមានរយៈពេលវែងជាងគេ, រីឯរដូវក្ដៅមានរយៈពេលខ្លី និងរដូវផ្ការីកព្រមទាំងរដូវស្លឹកជ្រុះក៏មានរយៈពេលខ្លីដូចគ្នាដែរ។
៣៖ សេដ្ឋកិច្ចនៃប្រទេសកូរ៉េខាងត្បូង
សេដ្ឋកិច្ចកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទី៤ នៅក្នុងតំបន់អាស៊ី និងជាប់ទី ១១ នៅលើពិភពលោក ក្នុងនាមប្រទេសមានសេដ្ឋកិច្ចធំជាងគេ (ផលិតផលក្នុងស្រុក ឬ GDP សរុប)។ សេដ្ឋកិច្ចប្រទេសនេះគឺពឹងផ្អែកលើវិស័យឧស្សាហកម្ម ដោយមានក្រុមហ៊ុនសំខាន់ៗដូចជា Hyundai និង Samsung groups ជាដើម។ កូរ៉េខាងត្បូងមានរូបិយវត្ថុ «វ៉ុន» ហើយបើតាមទិន្នន័យពីធនាគារពិភពលោកក្នុងឆ្នាំ២០១៧ ប្រទេសនេះមាន GDP សរុបចំនួន ១.៥៣១ទ្រីលានដុល្លារ ខណៈ GDP សម្រាប់ប្រជាជនម្នាក់ជាមធ្យមគឺ ៣១,៣៤៥.៦២ដុល្លារអាមេរិក។
៤៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗ របស់ប្រទេសកូរ៉េខាងត្បូង
* ឆ្នាំ១៩៤៥៖ ក្រោយសង្រ្គាមលោកលើកទី២ ជប៉ុនបិទបញ្ចប់អាណានិគម តែឧបទ្វីបកូរ៉េត្រូវបានពុះចែកជាពីរ ដោយខាងជើងគ្រប់គ្រងដោយអតីតសហភាពសូវៀត និងកូរ៉េខាងត្បូងគ្រប់គ្រងដោយសហរដ្ឋអាមេរិក។
* ឆ្នាំ១៩៤៨៖ បង្កើតសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)
* ឆ្នាំ១៩៥០៖ កូរ៉េខាងត្បូងប្រកាសឯករាជ្យ តែបែរជាជំរុញឱ្យកូរ៉េខាងជើង ចូលឈ្លានពានទីក្រុងសេអ៊ូល
* ឆ្នាំ១៩៥៣៖ ចុះហត្ថលេខាលើបទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមកូរ៉េ ដែលបានផ្ដាច់ជីវិតមនុស្សជិត ២លាននាក់
* ឆ្នាំ១៩៨៨៖ រៀបចំការបោះឆ្នោតសភាដោយសេរីជាលើកដំបូង
* ឆ្នាំ២០០២៖ ផ្ទុះការប្រយុទ្ធគ្នារវាងនាវាចម្បាំងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតាមបណ្ដោយតំបន់ជម្លោះសមុទ្រ
* ឆ្នាំ២០១៨៖ កិច្ចប្រជុំកំពូលខែមេសា ឆ្នាំ២០១៨ រវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ដោយព្រមព្រៀងបញ្ចប់សកម្មភាពបង្កអរិភាពដាក់គ្នាទៅវិញទៅមក ក៏ដូចជាឯកភាពគ្នាលើកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ តែបច្ចុប្បន្នស្ថានភាព នៅលើឧបទ្វីបកូរ៉េកំពុងជួបភាពតានតឹងជាថ្មី ខណៈកិច្ចចរចាអាមេរិក-កូរ៉េខាងជើង កំពុងជាប់គាំង៕