(គូឡាឡាំពួ)៖ ជនជាតិចិនដល់ទៅជិត៧០០នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍នេះ នៅពេលអាជ្ញាធរម៉ាឡេស៊ី បានបើកប្រតិបត្តិការចុះសម្រុកឆែកឆេរអគារមួយខ្នង ដើម្បីបង្រ្កាបចង្កោមក្រុមឆបោកតាមអនឡាញដ៏ធំមួយ។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រតិបត្តិការខាងលើ ត្រូវបានធ្វើឡើងនៅក្នុងអគារកម្ពស់៦ជាន់មួយខ្នង នៅក្រុង Cyberjaya ភាគខាងត្បូងទីក្រុងគូឡាឡាំពួរ។ ក្នុងចំណោមជនជាតិចិនដែលត្រូវឃាត់ខ្លួនបាន រួមមានបុរស៦០៣នាក់ និងនារី៧៧នាក់។ បើតាមលោក Khairul Dzaimee Daud អគ្គនាយកនៃនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ពួកគេទាំងនោះបានចូលមកក្នុងប្រទេសម៉ាឡេស៊ី តាមរយៈបណ្ណធ្វើដំណើរ សម្រាប់គោលដៅទេសចរណ៍ និងសួរសុខទុក្ខមិត្តភក្តិ មិនមែនសម្រាប់ធ្វើការងារឡើយ។
ជាមួយគ្នានេះ ទូរស័ព្ទដៃជាង៨,០០០គ្រឿង និងកុំព្យូទ័រជិត១,០០០គ្រឿង ដែលជនទាំងនោះប្រើសម្រាប់អំពើឆបោករបស់ពួកខ្លួន ក៏ត្រូវបានរឹបអូសផងដែរ។ សកម្មភាពឆបោកតាមប្រព័ន្ធអ៊ីនធើណែតរបស់ពួកគេ គឺមានគោលដៅលើប្រជាពលរដ្ឋនៅប្រទេសចិន តាមរយៈការផ្តល់នូវផលចំណេញ ឆាប់រហ័សជាថ្នូរនឹងការវិនិយោគ។
គួរជម្រាបថា នៅពេលអាជ្ញាធរម៉ាឡេស៊ីចុះបង្រ្កាប ជនសង្ស័យប្រមាណជា១០០ទៅ១២០នាក់ទៀត បានរត់គេចខ្លួនចេញពីអគារ ប៉ុន្តែពួកគេមិនទាន់រួចខ្លួនទាំងស្រុងឡើយ គឺកំពុងតែស្ថិតក្រោមតាមការចាប់។ មុនសម្រេចចេញប្រតិបត្តិការនេះ អាជ្ញាធរម៉ាឡេស៊ី បានឃ្លាំមើលអគារដែលជាគោលដៅអស់រយៈពេលជិត១ខែ ខណៈក្រុមឆបោកនោះទំនងជាធ្វើសកម្មភាពបាន៦ខែ។ អាជ្ញាធរម៉ាឡេស៊ីក៏បានផ្តល់ដំណឹងនៃការចាប់ខ្លួននេះ ដល់ស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ីផងដែរ៕