(ប៉េកាំង)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានព្រមានថាជម្លោះប្រដាប់អាវុធរវាង សហរដ្ឋអាមេរិក និងចិន អាចនឹងផ្ទុះឡើងនៅពេលអនាគត បើសិនជាមហាយក្សសេដ្ឋកិច្ចទំាងពីរបរាជ័យក្នុងការ ដោះស្រាយសង្រ្គាមពាណិជ្ជកម្ម នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Kissinger ធ្វើការព្រមានខាងលើនៅឯវេទិកា Bloomberg New Economy Forum នៅថ្ងៃព្រហស្បតិ៍ នេះ ចំពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិន តំណាក់កាលទី១ កំពុងស្ថិតនៅភាពមិនច្បាស់លាស់។ ថ្លែងនាឱកាសនោះ លោកអតីតប្រមុខការទូតអាមេរិក បានបញ្ជាក់បន្ថែមដូច្នេះថា៖ « បើសិនជាជម្លោះផ្ទុះឡើងមែន នោះវានឹងបង្កការបំផ្លិចបំផ្លាញអាក្រក់ជាងសង្រ្គាមនៅអឺរ៉ុបទៅទៀត...សង្រ្គាមលោកលើកទី១ ផ្ទុះឡើង ដោយសារ វិបត្តិបន្តិចបន្តួច តែបច្ចុប្បន្នប្រទេសនីមួយៗសុទ្ធតែមានអាវុធដ៏មានថាមពលរៀងៗខ្លួន»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន បានជាប់ផុងនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ដំឡើងពន្ធដាក់គ្នាទៅវិញទៅមក អស់រយៈពេលជាង១៨ខែ ហើយក្រៅតែពីវិបត្តិនេះ មហាអំណាចទាំងពីរ នៅមានបញ្ហាធំៗជាច្រើនត្រូវដោះស្រាយ ក្នុងនោះមានដូចជា កោះតៃវ៉ាន់ ហុងកុង និងតំបន់សមុទ្រចិនខាងត្បូង ជាទីដែលអ្នកជំនាញយល់ថាអាចនឹងក្លាយជា ចំណុចចាប់ផ្ដើមនៃជម្លោះប្រដាប់អាវុធរវាងប្រទេសទាំងពីរ៕