(បាងកក)៖ គ្រោះធម្មជាតិរញ្ជួយផែនដីដ៏កម្របំផុតកម្រិត ៦.១រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ព្រំដែនរវាងប្រទេសថៃ និងឡាវកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបង្កឲ្យបណ្តាខេត្តជាច្រើននៃប្រទេសទាំងពីរញាប់ញ័រ ខណៈទីក្រុងបាងកកវិញ ក៏បានទទួលរងការញ័ររញ្ជួយនេះផងដែរ ជាពិសេសគឺអ្នកស្ថិតនៅលើអគារខ្ពស់ៗនានា។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ចំពោះប្រទេសឡាវវិញសេចក្តីរាយការណ៍ជាលើកដំបូងបានឲ្យដឹងថា រោងចក្រផលិតថាមពលអគ្គិសនីធំបំផុតឈ្មោះ ហុងសា (Hongsa) ដែលមានសមត្ថភាពផលិតថាមពល ១,៨៧៨មេហ្គាវ៉ាត់ ត្រូវបានសម្រេចឲ្យផ្អាកដំណើរការ ដើម្បីត្រួតពិនិត្យផ្នែកបច្ចេកទេសបន្ទាប់ពីមានការបញ្ជាក់ថា ទីតាំងនោះបានទទួលរងការញ័ររញ្ជួយខ្លាំង ស្ថិតនៅភាគពាយ័ព្យប្រទេសឡាវ។ ដោយឡែកសម្រាប់សេចក្តីរាយការណ៍ អំពីចំនួនមនុស្សដែលបានរងគ្រោះថ្នាក់ នៅក្នុងគ្រោះធម្មជាតិនេះ គឺមិនទាន់មានការបញ្ជាក់ឡើយ។
ងាកទៅមើលមនុស្សមួយចំនួន នៅក្នុងទីក្រុងបាងកកដែលស្ថិតនៅចម្ងាយ ៦០០គីឡូម៉ែត្រពីចំណុចរំញ័រវិញបានបញ្ជាក់ថា ពួកគេបានទទួលអារម្មណ៍ពីការញ័ររញ្ជូយនេះ ជាពិសេសអ្នកដែលស្ថិតនៅអគារខ្ពស់ៗតែម្តង។ ជាក់ស្តែងជនបរទេសមួយរូបឈ្មោះ ផូល រីស្លេយ (Paul Risley) បានបង្ហោះសារនៅក្នុង Twitter របស់លោកថា «រំញ័របានកើតឡើង នៅវេលាម៉ោង ៦៖៥៥នាទីកំឡុងពេលគ្រួសារយើងកំពុងទទួលទាន អាហារពេលព្រឹកនៅជាន់ទី ៩ នៃអគារខ្ពស់មួយ ហើយក្មេងៗពិតជាមានការភិតភ័យ ចំពោះហេតុការណ៍នេះ...»។
ដោយឡែកជនបរទេសរស់នៅទីក្រុងបាងកកម្នាក់ទៀតឈ្មោះ បាយហ្សយ ស៊ីងហាល (Bjoy Singhal) ក៏បានបង្ហោះសារនៅលើ Twitter របស់ខ្លួនផងដែរថា «គ្រោះរញ្ជួយដីធ្វើឲ្យខ្ញុំភ្ញាក់ទាំងព្រឹកនៅជាន់ទី ៣២នៃអគារ ខណៈអ្វីៗគ្រប់យ៉ាងគឺញាប់ញ័រ ដែលពិតជារឿងគួរឲ្យខ្លាចណាស់...»។ សម្រាប់នៅប្រទេសឡាវវិញ ក្រោយពីការសម្រេចផ្អាកដំណើរការរោងចក្រអគ្គិសនី គឺពុំទាន់មានព័ត៌មានផ្សេងទៀត ពាក់ព័ន្ធនឹងហេតុការណ៍រញ្ជួយដីនេះថា បានបង្កផលប៉ះពាល់ក្នុងកម្រិតណានោះឡើយ។
គួរបញ្ជាក់តាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្ររបស់អាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយផែនដីខាងលើមានកម្រិត ៦.១រ៉ិចទ័រ ដែលជាកម្រិតធ្ងន់មួយ ហើយវាបានវាយប្រហារនៅជម្រៅរាក់ថែមទៀតគឺត្រឹមតែ ១០គីឡូម៉ែត្រពីក្រោមផ្ទៃដីប៉ុណ្ណោះ នៅចម្ងាយប្រមាណជា ៩២គីឡូម៉ែត្រភាគឦសាននៃស្រុក មួងណាន (Muang Nan) ក្នុងខេត្ត ណាន (Nan) ភាគខាងជើងប្រទេសថៃជាប់ព្រំដែនឡាវ កាលពីវេលាម៉ោង ០៦៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅបាងកក)៕