(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃពុធសប្តាហ៍នេះ បានប្រកាសឲ្យដឹងថា មកទល់ពេលនេះ កងទ័ពអាមេរិករបស់ខ្លួនទទួលបានយន្តហោះចម្បាំងធុន Rafale ចំនួន៣គ្រឿងហើយពីក្រុមហ៊ុនផលិតយន្តហោះនៅប្រទេសបារាំង ហើយពួកវាកំពុងត្រូវប្រើប្រាស់ដើម្បីបង្ហាត់បង្រៀនដល់ក្រុមអាកាសយានិក និងអ្នកបច្ចេកទេសរបស់ឥណ្ឌានៅបារាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន India Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិឥណ្ឌា លោក Shripad Naik បានប្រាប់ដូច្នេះថា «គិតត្រឹមពេលឥឡូវនេះ យន្តហោះចម្បាំង Rafale ៣គ្រឿងហើយត្រូវបានប្រគល់ឲ្យមកកងទ័ពអាកាសរបស់យើង ដោយយន្តហោះចម្បាំងទាំងនោះ កំពុងត្រូវប្រើប្រាស់សម្រាប់ការហ្វឹកហាត់របស់ក្រុមអាកាសយានិក ក៏ដូចជាក្រុមអ្នកបច្ចេកទេសយន្តហោះរបស់យើង ដែលកំពុងស្ថិតនៅប្រទេសបារាំង»។ កាលពីដើមខែតុលាកន្លងទៅនេះ រដ្ឋមន្រ្តីការពារជាតិ លោក Rajnath Singh បានផ្តល់វត្តមានទទួលយន្តហោះចម្បាំង Rafale មួយគ្រឿងដំបូង នៅមូលដ្ឋានទ័ពមួយកន្លែងនៅបារាំង។ ចំណែក២គ្រឿងទៀត លោក Naik មិនបានបញ្ជាក់ឲ្យច្បាស់ថា ត្រូវបានប្រគល់មកឲ្យឥណ្ឌានៅពេលណាឡើយ។
គួរជម្រាបថា ឥណ្ឌានិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំហំ៧.៨៧ពាន់លានអឺរ៉ូ ឬស្មើនឹង៨.៧១ពាន់លានដុល្លារអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០១៦ សម្រាប់យន្តហោះចម្បាំង Rafale សរុបចំនួន៣៦គ្រឿង ដែលជាផលិតផលរបស់ក្រុមហ៊ុនបារាំង Dassault Aviation។ បើតាមការគ្រោងទុក យន្តហោះចម្បាំង Rafale ៤គ្រឿងដំបូង នឹងទៅដល់ប្រទេសឥណ្ឌាតែម្តងនៅមុនពាក់កណ្តាលឆ្នាំ២០២០៕