(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដល់ការបន្ធូរបន្ថយជាលើកទី ២ ក្នុងសប្ដាហ៍នេះ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកមួយចំនួន ចាប់ផ្ដើមលក់ផលិតផលរបស់ខ្លួនឡើងវិញ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei បន្ទាប់ពីក្រុមហ៊ុនយក្សចិនមួយនេះ ជាប់ឈ្មោះក្នុងបញ្ជីខ្មៅពាណិជ្ជកម្មអាមេរិក ទាក់ទិននឹងបញ្ហាសន្តិសុខជាតិកាលពី ៦ខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ខ្លួនបានចាប់ផ្ដើមផ្ដល់អាជ្ញាប័ណ្ណសម្រាប់ក្រុមហ៊ុនអាមេរិកមួយចំនួន ដើម្បីអាចលក់ ឬផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុន Huawei បន្ទាប់ពីរដ្ឋបាលលោក ដូណាល់ ត្រាំ នាថ្ងៃចន្ទកន្លងទៅក៏បានសម្រេចបន្តពន្យារពេល ៩០ថ្ងៃទៀត ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិកនានា អាចបន្តការរកស៊ីជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិន។ ប៉ុន្តែភ្លាមៗមិនទាន់មានការបញ្ជាក់ឱ្យច្បាស់ថា តើផលិតផលណាខ្លះ ត្រូវបានអនុញ្ញាតលក់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះឡើយទេ ខណៈ Huawei កំពុងទន្ទឹមរង់ចាំអាជ្ញាប័ណ្ណ ដែលត្រូវផ្តល់ឲ្យក្រុមហ៊ុន Alphabet ក្នុងការផ្គត់ផ្គង់សេវាកម្ម Google សម្រាប់ទូរស័ព្ទ Huawei ស៊េរីថ្មី។
គួរបញ្ជាក់ថា ខាងក្រុមហ៊ុន Google មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយឡើយទេ ជុំវិញការប្រកាសខាងលើរបស់ក្រសួងពាណិជ្ជកម្មអាមេរិកឡើយទេ។ ប៉ុន្តែ បើតាមមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះ អាជ្ញាប័ណ្ណចំនួន ៣០០ (ក្នុងនោះមានក្រុមហ៊ុន Google ផងដែរ) ត្រូវបានស្នើសុំ ហើយក្នុងនោះមានជាងពាក់កណ្ដាល ដែលផ្ដោតជាសំខាន់លើការលក់គ្រឿងបន្លាស់ទូរស័ព្ទ និងគ្រឿងបន្លាស់មិនមែនអេឡិចត្រូនិចត្រូវបានអនុម័ត និងមួយចំនួនទៀតត្រូវបានបដិសេធ៕