(ស៊ីដនី)៖ ទីក្រុងស៊ីដនីបានបន្តស្ថិតក្រោមការគ្រប់ដណ្តប់ នៃផ្សែងពុលមកដល់ថ្ងៃព្រហស្បតិ៍នេះ ខណៈភ្លើងឆេះព្រៃប្រមាណ ៥០ទីតាំងកំពុងបន្តឆេះនៅតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
អាជ្ញាធរសុខាភិបាលនៅរដ្ឋ ញូសោតវែលស៍ (New South Wales) ជាថ្មីម្តងទៀតបានទទូចឲ្យប្រជាជន «កុំចេញដើរហើរនៅខាងក្រៅបើអាចធ្វើទៅបាន» ហើយសាលារៀនទាំងអស់ត្រូវបានអំពាវនាវ កុំឲ្យក្មេងៗចេញក្រៅថ្នាក់រៀនកំឡុងពេលសម្រាកថ្ងៃត្រង់។ នៅថ្ងៃព្រហស្បតិ៍នេះដែរ សំណង់ល្បីៗប្រចាំទីក្រុងស៊ីដនី ដូចជាមហោស្រពអូពែរ៉ា (Opera House) ដ៏ល្បីល្បាញ និងស្ពានហាប៊ឺរ (Harbor Bridge) គឺត្រូវបានផ្សែងព័ទ្ធជុំជិតកាលពីប៉ុន្មានថ្ងៃមុនដែរ ដែលមនុស្សប្រមាណ ៦០នាក់ដែលមានបញ្ហាផ្លូវដង្ហើម បានទៅទទួលការព្យាបាលនៅឯមន្ទីរពេទ្យ ដោយសារតែការបំពុលខ្យល់អាកាស បង្កឡើងដោយផ្សែងនៃភ្លើងឆេះព្រៃ។
គួរជម្រាបថា បើតាមអាជ្ញាធរពន្លត់អគ្គីភ័យរដ្ឋ New South Wales ស្ថានភាពបែបនេះ អាចនឹងបន្តជាច្រើនថ្ងៃទៀត ស្របពេលដែលភ្នាក់ងារពន្លត់អគ្គីភ័យដល់ទៅជាង ១,០០០នាក់ កំពុងបន្តខិតខំប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃ នៅទីតាំងជាច្រើនកន្លែងក្នុងរដ្ឋ។ គិតមកទល់ពេលនេះ ករណីភ្លើងឆេះព្រៃនៅតំបន់ភាគខាងកើតប្រទេសអូស្រ្តាលី បានផ្តាច់ជីវិតមនុស្សសរុបចំនួន ០៦នាក់ និងបំផ្លាញលំនៅឋានប្រជាជនអូស្រ្តាលីអស់ប្រហែល ៦០០ខ្នងហើយ ខណៈផ្ទៃដីចំការដំណាំរាប់សែនហិកតា ត្រូវបានភ្លើងលេបត្របាក់អស់៕