(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនផលិតយន្ដហោះធំបំផុតលើលោករបស់អាមេរិក Boeing នៅថ្ងៃពុធសប្ដាហ៍នេះបានប្រគល់យន្ដហោះធុន 787-9 Dreamliner គ្រឿងទី ៦ ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនជូនយ៉ាវ (Juneyao Airlines) ហើយនេះគឺជាយន្ដហោះម៉ូដែល Boeing 787 ទី ១០០ គត់ដែលត្រូវបានទិញដោយផ្ទាល់ ពីសំណាក់ឧស្សាហកម្មអាកាសចរណ៍ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ថ្លែងនៅឯពិធីប្រគល់ក្នុងទីក្រុង សៀតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោនភាគខាងលិចអាមេរិក ប្រធានក្រុមហ៊ុន Juneyao Airlines មានមូលដ្ឋានក្នុងទីក្រុងសៀងហៃ លោក វ៉ាង ជូនជីន (Wang Junjin) បានលើកឡើងយ៉ាងដូច្នេះថា «យើងមានកិតិ្តយស ដែលទទួលបានយន្ដហោះដ៏ពិសេសនេះ... ហើយចាប់តាំងពីយើងទទួលបានយន្ដហោះនេះ ជាលើកដំបូងកាលពីមួយឆ្នាំមុន យន្ដហោះ 787 Dreamliner នៅតែបន្តរកផលចំណេញ និងកំពុងដើរតួរកាន់តែសំខាន់សម្រាប់យើង»។
គួរបញ្ជាក់ថា ក្រុមហ៊ុន Juneyao Airlines ដែលបានបញ្ជាទិញយន្ដហោះ 787-9 Dreamliners ១០គ្រឿងបច្ចុប្បន្នកំពុងប្រតិបត្តិការយន្ដហោះចំនួន ០៥ គ្រឿងលើផ្លូវហោះហើរទាំងក្នុងស្រុក និងអន្តជាតិ។ ដោយឡែកយន្តហោះប្រទេសនេះ ក៏កំពុងធ្វើប្រតិបត្តិការនៅក្នុង ក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀតរបស់ចិនផងដែរ ដោយបូកសរុបចូលគ្នាទៅគឺ ១០០គ្រឿងគត់ ហើយក្នុងមួយគ្រឿងៗគឺមានតម្លៃជិត ២៥០លានដុល្លារអាមេរិក៕