(បាងកក)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់មួយ បានវាយប្រហារចំតំបន់ព្រំដែនរវាងប្រទេសថៃ និងប្រទេសឡាវនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ដែលបង្កឡើងដោយហេតុការណ៍នេះនៅឡើយទេ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទីភ្នាក់ងារឃ្លាំងមើលគ្រោះរញ្ជួយដីរបស់អាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយផែនដីខាងលើមានកម្រិត ៦.១រ៉ិចទ័រ ដែលជាកម្រិតធ្ងន់មួយ ហើយវាបានវាយប្រហារនៅជម្រៅរាក់ថែមទៀតគឺត្រឹមតែ ១០គីឡូម៉ែត្រពីក្រោមផ្ទៃដីប៉ុណ្ណោះ នៅចម្ងាយប្រមាណជា ៩២គីឡូម៉ែត្រភាគឦសាននៃស្រុក មួងណាន (Muang Nan) ក្នុងខេត្ត ណាន (Nan) ភាគខាងជើងប្រទេសថៃកាលពីវេលាម៉ោង ០៦៖៥០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅបាងកក)។
គួរជម្រាបថា ឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនោះ បានជះពាសពេញតំបន់ភាគខាងជើងប្រទេសថៃ សូម្បីតែអ្នកដែលស្ថិតក្នុងអគារខ្ពស់ៗនៅឯរាជធានីបាងកក ដែលនៅចម្ងាយរាប់រយគីឡូម៉ែត្រនៅភាគខាងត្បូងប្រទេសឯណោះ ក៏បានទទួលអារម្មណ៍ពីហេតុការណ៍នេះដែរ។ បើតាមអាជ្ញាធរថៃ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរនៅឡើយទេ ប៉ុន្តែពួកគេនឹងពិនិត្យមើលសំណង់ប្រវត្តិសាស្រ្តនៅក្នុងតំបន់ថា តើមានរងការប៉ះពាល់ដែរ ឬយ៉ាងណា៕