Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនកោះហៅមន្ត្រីទូតអាមេរិកមកសួរនាំ ពាក់ព័ន្ធការអនុម័តសេចក្តីព្រាងច្បាប់មួយ ដើម្បីការពារសិទ្ធិមនុស្សនៅហុងកុង (Video inside)

21-11-2019 09:34

(ប៉េកាំង)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អនុរដ្ឋមន្ត្រីការបរទេសចិនលោក ម៉ា ចៅស៊ូ (Ma Zhaoxu) បានកោះហៅលោក វីលៀម ក្លេន (William Klein) មន្ត្រីទូតស្តីទីប្រចាំស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានីប៉េកាំងមកធ្វើការស្រាយបំភ្លឺ ពាក់ព័ន្ធការអនុម័តសេចក្តីព្រាងច្បាប់ដោយព្រឹទ្ធសភាអាមេរិក ដើម្បីការពារសិទ្ធិមនុស្សនៅទីក្រុងហុងកុង ហើយប្រទេសចិនបានបង្ហាញការជំទាស់យ៉ាងខ្លាំងក្លា ចំពោះសេចក្តីព្រាងច្បាប់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ស្ថិតនៅចំពោះមុខមន្ត្រីទូតស្តីទីរបស់សហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីការបរទេសចិនលោក Ma បានលើកឡើងយ៉ាងដូច្នេះថា «យើងអំពាវនាវយ៉ាងទទូចឲ្យសហរដ្ឋអាមេរិក ចាត់វិធានការភ្លាមៗប្រកបដោយប្រសិទ្ធភាព ដើម្បីការពារកុំឲ្យសេចក្តីព្រាងច្បាប់នេះ ក្លាយទៅជាច្បាប់ពេញលេញឲ្យសោះ ហើយអាមេរិកក៏ត្រូវបញ្ឈប់ជាបន្ទាន់ផងដែរ នូវការជ្រៀតជ្រែងកិច្ចការផ្ទៃក្នុងទីក្រុងហុងកុង និងកិច្ចការផ្ទៃក្នុងចិនផ្សេងៗទៀត...។ ប្រទេសចិននឹងធ្វើការឆ្លើយតបយ៉ាងខ្លាំងក្លា ហើយសហរដ្ឋអាមេរិកវិញក៏នឹងត្រូវប្រឈមមុខ ចំពោះបញ្ហាទាំងអស់នេះផងដែរ»

គួរបញ្ជាក់ថា ព្រឹទ្ធសភាអាមេរិកនៅថ្ងៃអង្គារនេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ខណៈមានការព្រួយបារម្ភកាន់តែច្រើនឡើងថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួនមួយនេះ។

ក្រោយការបោះឆ្នោតអនុម័តដោយព្រឹទ្ធសភា សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេរិក មុននឹងបញ្ជូនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិចារណា និងចុះហត្ថលេខា។ សេចក្ដីព្រាងច្បាប់នេះគឺមានគោលដៅការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ដូចជាហាមឃាត់ផងដែរនូវការនាំចេញអាវុធមួយចំនួន ក្នុងនោះមានដូចជាឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ ឧបករណ៍បាញ់ម្សៅម្រេច និងកាំភ្លើងឆក់ជាដើមឱ្យកងកម្លាំងប៉ូលិសហុងកុង៕