(បាងកក)៖ សម្តេចប៉ាប ហ្រ្វង់ស៊ីស នាថ្ងៃពុធនេះបានយាងមកដល់ប្រទេសថៃ ដើម្បីចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចរយៈពេល ០៧ថ្ងៃនៅតំបន់អាស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
យន្តហោះរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស បានចុះចតនៅឯអាកាសយានដ្ឋាន ដនមឿង (Don Muang) នៃទីក្រុងបាងកកនារសៀលថ្ងៃពុធនេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ គ្រិស្តសាសនិកនិកាយរ៉ូម៉ាំងកាតូលិក គឺជាសហគមន៍តូចមួយប៉ុណ្ណោះនៅក្នុងប្រទេសថៃ ដែលមានប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា។ បើនិយាយពីប្រវត្តិសាស្រ្តនៃសាសនានេះនៅថៃ គឺបានចូលមកដល់ជាលើកដំបូងតាំងតែពី ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៥០០ តាមរយៈអ្នកជំនួញ និងអ្នកផ្សព្វផ្សាយសាសនាជាតិជាតិព័រទុយហ្គាល់។
គួរជម្រាបថា កំឡុងទស្សនកិច្ចនៅថៃ សម្តេចប៉ាប ហ្រ្វង់ស៊ីស នឹងយាងចូលគាល់ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ព្រមទាំងសម្តេចព្រះសង្ឃរាជថៃ មុនការរៀបចំពិធីសាសនាជាមួយគ្រិស្តបរិស័ទ នៅឯកីឡដ្ឋានជាតិរបស់ប្រទេសថៃ។ បន្ទាប់ពីនោះសម្តេចប៉ាប ក៏នឹងយាងបើកពិធីមួយទៀតនៅព្រះវិហារគ្រឹស្ត Assumption Cathedral ក្នុងទីក្រុងបាងកក មុនចាកចេញទៅកាន់ប្រទេសជប៉ុននៅថ្ងៃសៅរ៍បន្តទៀតផងដែរ។
កំឡុងទស្សនកិច្ចនៅជប៉ុន សម្តេចប៉ាប ហ្រ្វង់ស៊ីស នឹងយាងទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា និងទីក្រុងណាហ្គាសាគី ដែលត្រូវអាមេរិកទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ កាលពីសម័យសង្រ្គាមលោកលើកទី ២។ ជាចុងក្រោយបញ្ចប់សម្តេចនឹងយាងទៅកាន់បុរីវ៉ាទីកង់វិញ នៅថ្ងៃអង្គារសប្តាហ៍ក្រោយ៕