(កាប៊ុល)៖ យោធាអាមេរិកពីរនាក់បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿង នៅឯប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន យោធាអាមេរិកបានគូសបញ្ជាក់បន្ថែមដូច្នេះថា «មូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ហើយបើតាមរបាយការណ៍បឋមមិនមានបញ្ជាក់ថា មានការបាញ់ប្រហារពីសត្រូវនោះទេ»។ ប៉ុន្តែព្រមពេលជាមួយគ្នា ក្រុមសកម្មប្រយុទ្ធតាលីបង់បានចេញមុខអះអាងថា ពួកគេជាអ្នកបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាអាមេរិកខាងលើ នៅឯខេត្តឡូហ្គារ (Logar) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីកាប៊ុល។
គួរជម្រាបថា គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រយោធាអាមេរិក កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមតាលីបង់សម្រេចដោះដូរចំណាប់ខ្មាំង ជាពលរដ្ឋលោកខាងលិចចំនួនពីរនាក់ ជាមួយមេបញ្ជាការរបស់ខ្លួនបីនាក់ ដែលត្រូវបានរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាប់ឃុំខ្លួន ខណៈសម្រេចចិត្តនេះត្រូវបានគេរំពឹងថា នឹងបន្ធូរបន្ថយភាពតានតឹងរវាងក្រុមតាលីបង់ និងក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក៕