(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងហាមឃាត់ការប្រើប្រាស់ព្រមទាំងការនាំចូលនៃផលិតផលបារីអេឡិចត្រូនិច (E-Cigarette) ហើយជនណាដែលហ៊ានល្មើសបម្រាមនេះនឹងត្រូវចាប់ខ្លួន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ លោក ឌូតឺតេ បានប្រកាសពីគម្រោងខាងលើ ក្នុងកំឡុងសន្នីសីទសារព័ត៌មានមួយ បន្ទាប់ពីត្រូវបានក្រុម អ្នកកាសែត សួរទាក់ទងរបាយការណ៍មួយរបស់ក្រសួងសុខាភិបាលហ្វីលីពីន ដែលទទួលស្គាល់ថា មានករណីអ្នកដែលឈឺសួតលើកដំបូង ពាក់ព័ន្ធនឹងការជក់បារីអេឡិចត្រូនិចនៅក្នុងប្រទេសហ្វីលីពីន។ កន្លងមកលោក ឌូតឺតេ ក៏បានចេញបម្រាមចំពោះការជក់បារីធម្មតានៅតាម ទីសាធារណៈផងដែរ។ មេដឹកនាំហ្វីលីពីនវ័យ៧៤ឆ្នាំនេះផ្ទាល់ ក៏ធ្លាប់ជាអ្នកជក់បារីខ្លាំងមួយរូបដែរ ប៉ុន្តែលោកបានផ្តាច់លែងប្រើប្រាស់វិញ ក្រោយពីត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា លោកឈឺជំងឺ Buerger’s disease ដែលបង្កការរាំងស្ទាំងដល់សរសៃឈាម។

គួរជម្រាបថា ឧស្សាហកម្មបារីអេឡិចត្រូនិចនៅលើពិភពលោក ដែលទទួលបានកំណើនយ៉ាងឆាប់រហ័សនាពេលកន្លងមកនេះ ឥឡូវកំពុងប្រឈមការរិះគន់ ខណៈយុវវ័យនិយមប្រើប្រាស់ផលិតផលនេះកាន់តែច្រើនខ្លាំង ដែលបង្កជាក្តីបារម្ភខ្លាំង។ កាលពីខែកញ្ញា ឆ្នាំ២០១៩នេះ ឥណ្ឌាទើបបានសម្រេច ហាមឃាត់ការលក់បារីអេឡិចត្រូនិច នៅក្នុងប្រទេសខ្លួន។ រីឯម៉ាឡេស៊ី ក៏ចង់ហាមឃាត់ការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់ពួកវា នៅតាមទីសាធារណៈ ក៏ដូចជាហាមមិនឲ្យយុវវ័យប្រើប្រាស់ផងដែរ។ ការប្រើប្រាស់បារីអេឡិចត្រូនិចនេះ ក៏កំពុងបង្កជាក្តីកង្វល់ដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិក ដូចគ្នា៕