Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការលើកលែងទោស៖ បាតុករ១០៦នាក់ ត្រូវបានសម្លាប់ក្នុងបាតុកម្មប្រឆាំងការដំឡើងតម្លៃប្រេង នៅអ៊ីរ៉ង់ (Video inside)

20-11-2019 13:59

(អ៊ីរ៉ង់)៖ អង្គការលើកលែងទោសអន្តរជាតិ Amnesty International បានអះអាងថា មនុស្សច្រើនជាង១០០នាក់ បានបាត់បង់ជីវិត ក្នុងបាតុកម្មតវ៉ាប្រឆាំងនឹងការដំឡើងតម្លៃប្រេង នៅប្រទេសអ៊ីរ៉ង់កាលពីសប្ដាហ៍មុន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយ នៅថ្ងៃអង្គារសប្ដាហ៍នេះ អង្គការ Amnesty International ដែលមាន មូលដ្ឋាននៅចក្រភពអង់គ្លេស ក៏បានចោទប្រកាន់ផងដែរថាអាជ្ញាធរអ៊ីរ៉ង់ បានប្រើប្រាស់កម្លាំងជ្រុលហួសហេតុ ដើម្បី បង្រ្កាបក្រុមបាតុករតវ៉ា នៅទូទាំងប្រទេសកាលពីថ្ងៃសុក្រសប្ដាហ៍មុន។ អង្គការអន្តរជាតិមួយនេះ បានគូសបញ្ជាក់ ដូច្នេះថា៖«បាតុករយ៉ាងហោចណាស់១០៦នាក់ នៅតាមទីក្រុងចំនួន២១ នៅទូទាំងប្រទេសអ៊ីរ៉ង់ ត្រូវបានសម្លាប់ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ»

តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរអ៊ីរ៉ង់មិនទាន់មានប្រតិកម្មនឹងការអះអាងរបស់ Amnesty International នៅឡើយទេ ហើយក៏មិនទាន់បញ្ចេញតួលេខផ្លូវការពីចំនួនអ្នកស្លាប់ អ្នករងរបួស ឬក៏អ្នកត្រូវបានចាប់ខ្លួន នៅក្នុងបាតុកម្ម នោះដែរ៕