(ហាណូយ)៖ Vingroup JSC ដែលជាក្រុមហ៊ុនសម្ព័ន្ធដ៏ធំមួយរបស់ប្រទេសវៀតណាម នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនយក្សអាមេរិក Google ដើម្បីអភិវឌ្ឍទូរទស្សន៍ឆ្លាតវៃ ឬ smart TV ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន Vingroup JSC បានបន្ថែមទៀតថា ទូរទស្សន៍ smart TV ចំនួន ០៥ម៉ូឌែលដំបូង នឹងត្រូវបានផលិតនៅឯរោងចក្ររបស់ក្រុមហ៊ុន ដែលមានទីតាំងនៅរដ្ឋធានីហាណូយ ហើយនឹងត្រូវដាក់លក់ចាប់ពីខែធ្នូ ខាងមុខនេះតទៅ។ ក្រៅពីទូរទស្សន៍ឆ្លាតវៃ វៀតណាមក៏បានសម្រេចផលិតទូរស័ព្ទឆ្លាតវៃដោយខ្លួនឯង ជាច្រើនម៉ូដែលរួចទៅហើយដែរ ដោយបាននិងកំពុងទទួលការគាំទ្រនៅក្នុងស្រុកជាបណ្តើរៗ។
គួរបញ្ជាក់ថា ទូរទស្សន៍ smart TV ថ្មី របស់ក្រុមហ៊ុន Vingroup JSC ត្រូវបានគេរំពឹងថា នឹងក្លាយជាគូប្រជែងរបស់ក្រុមហ៊ុន Sony និង LG ដែលកំពុងត្រូវបានប្រើប្រាស់ដោយប្រជាជនវៀតណាម ស្របពេលរដ្ឋាភិបាលទីក្រុងហាណូយ កំពុងជ្រោមជ្រែងដល់បណ្ដាក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងស្រុក ឱ្យបង្កើនគំនិតច្នៃប្រឌិតក្នុងការផលិតឧបករណ៍អេឡិចត្រូនិច ដើម្បីប្រកួតប្រជែងក្នុងទីផ្សារពិភពលោក៕