(ប៉េកាំង)៖ ប៉ុន្មានថ្ងៃមុននេះចិនទើបទទួលជោគជ័យថ្មីទៀត ក្នុងការបាញ់បង្ហោះផ្កាយរណបឡើងទៅគន្លងគោចរ នៅជុំវិញភពផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មាន Space នៅព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។
កាលពីថ្ងៃអាទិត្យកន្លងទៅ គ្រាប់រ៉ុក្កែត កួចូវ 1A (Kuaizhou-1A) ដែលផលិតដោយក្រុមហ៊ុន អ៊ីចផេស (ExPace) បាននាំយកផ្កាយរណបឈ្មោះ KL-a-A និង KL-a-B ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជីវក្វាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន ឡើងទៅដល់គន្លងអវកាសដោយជោគជ័យតាមការរំពឹងទុក។
គ្រាប់រ៉ុក្កែត Kuaizhou-1A ត្រូវបានរចនាឡើងជាចម្បង សម្រាប់ដឹកជញ្ជូនផ្កាយរណបខ្នាតតូច ឡើងទៅកាន់គន្លងកម្រិតទាបនៃផែនដី។ អំឡុងរយៈពេល ០២ខែកន្លងទៅនេះ ចិនបានប្រើប្រាស់គ្រាប់រ៉ុក្កែតនេះ និងរ៉ុក្កែតឡងម៉ាច (Long March) ដើម្បីចេញបេសកកម្មមួយចំនួន រួមមានទាំងបេសកកម្មបាញ់បង្ហោះគ្រាប់រ៉ុក្កែតពីរគ្រាប់ បន្តបន្ទាប់គ្នាកាលពីសប្តាហ៍មុន។
គួរជម្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា គ្រាប់រ៉ុក្កែត Long March 6 របស់ចិន បាននាំយកផ្កាយរណបចំនួន ០៥គ្រឿង ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ថៃយាន (Taiyuan) នៅខេត្តសានស៊ី (Shanxi)។ ប្រមាណជា ៣ម៉ោងមុនការបាញ់គ្រាប់រ៉ុក្កែត Long March 6 ដែលត្រូវនឹងយប់ថ្ងៃទី១២ គ្រាប់រ៉ុក្កែត Kuaizhou-1A មួយគ្រាប់ ត្រូវបានបាញ់បង្ហោះចេញពីមជ្ឈមណ្ឌល Jiuquan ដែលស្ថិតនៅតំបន់វាលខ្សាច់ ហ្គោប៊ី (Gobi) ដើម្បីនាំយកផ្កាយរណបខ្នាតតូច ជីលីន 1 កៅហ្វិន 02A (Jilin-1 Goafen 02A) ឡើងទៅទីអវកាស៕