(ហ្សឺណែវ)៖ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) បានអះអាងឡើងវិញថា ការធ្វើអាណានិគម របស់អ៊ីស្រាអែល តាមរយៈការសាងសង់លំនៅឋាន និងបញ្ជូនប្រជាជនរបស់ខ្លួនឱ្យទៅរស់នៅលើតំបន់ វែសត៍ប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភច្បាប់អន្តរជាតិ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រតិកម្មរបស់ការិយាល័យសិទ្ធិមនុស្ស UN ធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទកន្លងទៅ បានផ្លាស់គោលជំហររបស់ខ្លួនជាងបួនទសវត្សរមកនេះ ដោយប្រកាសថាការសាងសង់លំនៅឋាន និងបញ្ជូនប្រជាជន អ៊ីស្រាអែលឱ្យទៅរស់នៅក្នុងតំបន់ វែសត៍ប៊ែង (West Bank) មិនមែនជាទង្វើរំលោភលើច្បាប់អន្តរជាតិ ទៀតនោះទេ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារនេះ ការិយាល័យសិទ្ធិមនុស្ស UN បានគូសបញ្ជាក់ដូច្នេះថា៖ «យើងនៅតែបន្តរក្សាគោលជំហរដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ នោះគឺថា ការសាងសង់លំនៅឋាន និងបញ្ជូនប្រជាជនរបស់ខ្លួនឱ្យទៅរស់នៅតំបន់ វែសត៍ប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភ ច្បាប់អន្តរជាតិ ដដែល»។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន West Bank ចាប់តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ ម្យ៉ាងវិញទៀត អតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ចាត់ទុកថាវាជាទង្វើខុសច្បាប់ផងដែរ ប៉ុន្តែតែងតែបោះឆ្នោតវេតូនឹងដំណោះស្រាយ UN ប្រឆាំងអ៊ីស្រាអែលជានិច្ច។ បច្ចុប្បន្ន ប្រជាជនអ៊ីស្រាអែលជាង ៦០០,០០០នាក់កំពុងរស់នៅតំបន់ West Bank និងហ្សេរុយសាឡឹមខាងកើត ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ២.៩លាននាក់៕