(ហាណូយ)៖ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបានឲ្យដឹងថា វៀតណាមប្រហែលជាត្រូវខ្វះខាត បរិមាណសាច់ជ្រូកប្រមាណ ២០០,០០០តោន នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៩នេះ ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក (African Swine Fever ឬ AFS)។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
អនុរដ្ឋមន្រ្តីកសិកម្មវៀតណាមលោក ភុង ឌុចទៀន (Phung Duc Tien) នាថ្ងៃអង្គារនេះបានប្រាប់ឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺប៉េសជ្រូកអាហ្វ្រិកបានបណ្តាលឲ្យសត្វជ្រូកនៅវៀតណាមងាប់សរុបជិត ៥.៩លានក្បាល ឬស្មើនឹងសាច់ជ្រូក ៣៣៧,០០០តោន។
យោងតាមលោក Tien តម្លៃមធ្យ នៃសាច់ជ្រូកស្រស់ក្នុងប្រទេសវៀតណាម បានកើនដល់ចន្លោះ ៦០,០០០-៦៧,០០០ដុង (២.៦-២.៩ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ហើយនៅតាមតំបន់ខ្លះទៀតតម្លៃបានលោតដល់ ៧៥,០០០-៨០,០០០ដុង (៣.៣-៣.៥ដុល្លារ) ដែលពិតជាតម្លៃកើនឡើងខ្ពស់មិនធ្លាប់មាននោះឡើយ។
គួរជម្រាបថា កំឡុងការបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក វួង ឌិញហឺ (Vuong Dinh Hue) បានទទូចដល់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការគណនាឲ្យបានដិតដល់ អំពីការខ្វះខាតនៃការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស ហើយនិងពិចារណាលើការនាំចូលសាច់ជ្រូក បន្ថែមពីបរទេស ដើម្បីមកបំពេញតម្រូវការក្នុងស្រុក ព្រមទាំងគ្រប់គ្រងការកើនឡើងតម្លៃនៃសត្វជ្រូក និងកាត់បន្ថយអតិផរណា។
ជាមួយគ្នានេះដែរ យោងតាមការព្យាករណ៍ អត្រានៃការផលិតសាច់ជ្រូកនៅវៀតណាម នឹងធ្លាក់ចុះ ១៥-២០ភាគរយនៅឆ្នាំ ២០១៩នេះ ធៀបនឹងឆ្នាំទៅមិញ៕