(ហុងកុង)៖ ក្រុមបាតុករដែលបានយកសាកលវិទ្យាល័យមួយកន្លែង ក្នុងទីក្រុងហុងកុងជាទីលានតតាំងជាមួយប៉ូលិស តាំងតែពីប៉ុន្មានថ្ងៃមុនមកនោះ បានប្រឆាំងចំពោះការព្រមាននាថ្ងៃអង្គារនេះ ដែលទាមទារឲ្យពួកគេយល់ព្រមចុះចាញ់។ នេះបើតាមការដកស្រង់ការផ្សាយចេញ ពីសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
នាថ្ងៃអង្គារនេះអភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយថា ក្រុមបាតុករទាំងអស់ប៉ុន្មាន ដែលនៅបន្តសំងំក្នុងសាកលវិទ្យា PolyU ចាំបាច់ត្រូវតែបោះបង់ចោលអំពើហិង្សា និងយល់ព្រមចុះចាញ់ ប្រសិនបើចង់ឲ្យស្ថានការណ៍ដ៏តានតឹងនេះ អាចបញ្ចប់ទៅបានដោយសន្តិវិធី។ លោកស្រី Lam បានបន្តទៀតថា ក្រុមបាតុករត្រូវតែទម្លាក់អាវុធទាំងអស់ចុះ ហើយចេញពីក្នុងសាកលវិទ្យាល័យតាមស្រួល និងទទួលការណែនាំពីប៉ូលិស។ លោកស្រីបានបញ្ជាក់ថា អ្នកក្រោមអាយុ ១៨ឆ្នាំដែលយល់ព្រមចុះចាញ់ នឹងមិនត្រូវឃាត់ខ្លួនឡើយ តែអ្នកអាយុចាប់ពី ១៨ឆ្នាំឡើងទៅ នឹងត្រូវប្រឈមការចោទប្រកាន់ពីបទកុប្បកម្ម។
យ៉ាងណាមិញ ក្រុមបាតុករភាគច្រើនបានបង្ហាញការប្តេជ្ញាថា ពួកគេនឹងនៅបន្តសំងំនៅក្នុងសាកលវិទ្យាល័យដដែល ព្រោះថាប្រសិនបើយល់ព្រមចុះចាញ់ ប៉ូលិសហុងកុងនឹងនៅតែចាប់ឃុំឃាំងពួកគេដដែល ខណៈដែលមើលទៅពួកគេហាក់ទទួលបានជម្រើស ២ ក៏ដោយ តែបើតាមពិតទៅគឺពួកគេជាជម្រើសតែមួយប៉ុណ្ណោះ គឺត្រូវជាប់ឃុំឃាំង។ យោងតាមលោកស្រី Lam គិតត្រឹមព្រឹកថ្ងៃអង្គារនេះមានបាតុករខ្ទង់ ១០០នាក់ កំពុងបន្តស្ថិតក្នុងសាកលវិទ្យាល័យ PolyU។
គួរជម្រាបថា សាកលវិទ្យាល័យពហុបច្ចេកវិទ្យាហុងកុង PolyU ត្រូវបានក្រុមបាតុកររាប់រយនាក់ចូលគ្រប់គ្រង តាំងតែពីថ្ងៃអាទិត្យកន្លងទៅ ដែលវាគឺជាយុទ្ធសាស្រ្តថ្មីមួយផ្សេងទៀតរបស់ពួកគេ នៅក្នុងចលនាបាតុកម្ម ដែលបានអូសបន្លាយអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ ដើម្បីទប់ទល់ការព្យាយាមសម្រុកចូលពីសំណាក់ប៉ូលិស ក្រុមបាតុករបានប្រើប្រាស់គ្រាប់បែកសាំង ដុំឥដ្ឋ និងព្រួញជាដើម វាយប្រហារទៅលើអាជ្ញាធរ ហើយកាលពីថ្ងៃចន្ទពួកគេក៏បានដុតភ្លើងបញ្ឆេះ នៅខ្លោងទ្វារសាកលវិទ្យាល័យផងដែរ។
ដោយឡែកមកទល់ពេលនេះ ក៏មានបាតុករមួយចំនួន បានលួចរត់ចេញពីសាកលវិទ្យាល័យវិញផងដែរ រួមមានតាមរយៈការយកប្រណាត់បង្កើតចេញខ្សែ ដើម្បីទម្លាក់ខ្លួនចុះពីលើស្ពានឆ្លងថ្មើរជើងមួយ ចុះទៅកាន់ផ្លូវនៅខាងក្រោម ហើយគេចខ្លួនតាមគម្របលូជាដើម៕