(សេអ៊ូល)៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង១១នាក់ទៀតបានរងរបួស បន្ទាប់ពីទូកនេសាទកូរ៉េខាងត្បូងមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ នៅក្បែរកោះ Jeju។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ទូកនេសាទខាងលើត្រូវបានអគ្គីភ័យឆាបឆេះ នៅលើផ្ទៃសមុទ្រភាគខាងលិចកោះ Jeju កាលពីព្រឹកថ្ងៃអង្គារនេះ។ ប្រមាណ៣ម៉ោងក្រោយហេតុការណ៍នោះ នាវិកវ័យ៦០ឆ្នាំម្នាក់ក៏ត្រូវបានគេប្រទះឃើញនៅចម្ងាយជាង៧គីឡូម៉ែត្រភាគខាងត្បូងចំណុចកើតហេតុ ហើយត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅសង្រ្គោះនៅឯមន្ទីរពេទ្យលើកោះ Jeju។ ប៉ុន្តែបន្ទាប់មកជនរូបនោះ ត្រូវបានគេប្រកាសថា បានស្លាប់បាត់ទៅហើយ។
គួរជម្រាបថា នាវិក១១នាក់ទៀតនៃទូកនេសាទខាងលើ ដែលក្នុងនោះមានជនជាតិកូរ៉េខាងត្បូងចំនួន៥នាក់ និងជនជាតិវៀតណាមចំនួន៦នាក់ បាននិងកំពុងតែបន្តបាត់ខ្លួន។ នាវិកខាងលើដែលបានបាត់បង់ជីវិត គឺជាជនជាតិកូរ៉េខាងត្បូង។ កងទ័ពជើងទឹក និងកងល្បាតដែនសមុទ្ររបស់កូរ៉េខាងត្បូង បានចល័តនាវា ឧទ្ធម្ភាគចក្រ និងយន្តហោះ ដើម្បីតាមរុករកជនរងគ្រោះ ប៉ុន្តែប្រតិបត្តិការនេះបានប្រឈមនឹងបញ្ហាលំបាក ដោយសារតែរលកធំៗ និងខ្យល់បោកបក់ខ្លាំង៕