(សៀងហៃ)៖ សភាប្រជាជនចិនបានគូសបញ្ជាក់ថា តុលាការទីក្រុងហុងកុងគ្មានសិទ្ធិអំណាចក្នុងការវិនិច្ឆ័យ ឬចេញសេចក្ដីសម្រេចណាមួយ នៅក្រោមច្បាប់ជាមូលដ្ឋាន ឬ Basic Law ក្នុងនោះរួមមានទាំងការហាមឃាត់បាតុករពាក់ម៉ាស់ ឬក៏របាំងបិទមុខនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់សភាប្រជាជនចិន កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការជាន់ខ្ពស់ក្រុងហុងកុង បានចេញសេចក្ដីសម្រេចមួយដោយចាត់ទុកថា បំរាមលើការពាក់ម៉ាស់ ឬរបាំងមុខកំឡុងធ្វើបាតុកម្មតវ៉ានៅតាមទីសាធារណៈ ដែលកំពុងបង្កភាពចលាចល នៅក្នុងតំបន់សេដ្ឋកិច្ចស្វយ័តពិសេសរបស់ចិន អស់រយៈពេលច្រើនជាង៦ខែមកនេះ គឺជាទង្វើផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ហុងកុង។
អ្នកនាំពាក្យគណៈកម្មាការកិច្ចការច្បាប់ នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន លោក យ៉ាន តាន់វៃ (Yan Tanwei) បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃអង្គារនេះ យ៉ាងដូច្នេះថា «តុលាការហុងកុង ឬអាជ្ញាធរដទៃ គ្មានសិទ្ធិអំណាចចេញសាលក្រម ឬសេចក្ដីសម្រេចណាមួយក្រោមច្បាប់ Basic Law របស់ទីក្រុងហុងកុងបានឡើយ លើកលែងតែគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិនតែមួយគត់»។
គួរជម្រាបថា ការដាក់បំរាមការពាក់ម៉ាស់ ឬរបាំងមុខ កំឡុងបាតុកម្មតវ៉ា បានចូលជាធរមានកាលពីតុលាកន្លងទៅ ដើម្បីងាយស្រួលកំណត់អត្តសញ្ញាណបាតុករ ដែលបង្កហិង្សា និងវាយប្រហារលើប៉ូលិស។ ការសម្រេចដាក់បំរាមពាក់ម៉ាស់នេះ ត្រូវបានធ្វើឡើងដោយរដ្ឋបាលក្រុងហុងកុង ប៉ុន្តែក្រោយមកក៏មានការប្តឹងតវ៉ាទៅកាន់តុលាការ ឲ្យវិនិច្ឆ័យអំពីភាពស្របច្បាប់ នៃបំរាមខាងលើនេះតែម្តង៕