Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក៖ ការសង់លំនៅឋានអ៊ីស្រាអែលលើទឹកដីប៉ាឡេស្ទីន West Bank នឹងលែងជារឿងខុសច្បាប់អន្តរជាតិ (Video inside)

19-11-2019 09:40

(វ៉ាស៊ីនតោន)៖ ការធ្វើអាណានិគមរបស់អ៊ីស្រាអែល តាមរយៈការបញ្ជូនប្រជាជនរបស់ខ្លួន ឱ្យទៅរស់នៅលើតំបន់ វែសត៍ប៊ែង (West Bank) នៃដែនដីប៉ាឡេស្ទីន លែងជាទង្វើខុសច្បាប់អន្តរជាតិទៀតហើយ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើការកត់សម្គាល់ដូចខាងលើ ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រោមការសាទរយ៉ាងខ្លាំង ពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា «ក្រោយការសិក្សាយ៉ាងយកចិត្តទុកដាក់ពីការ ជជែកដេញដោលផ្នែកច្បាប់ពីគ្រប់ភាគីទាំងអស់ សហរដ្ឋអាមេរិកបានសន្មត់ថា ការតាំងទីលំនៅរបស់ប្រជាជនអ៊ីស្រាអែលនៅក្នុងដែនដី West Bank មិនមែនជាទង្វើផ្ទុយនឹងច្បាប់អន្តរជាតិទៀតនោះទេ... ហើយការចាត់ទុកថា ការតាំងទីលំនៅស៊ីវិលនេះជាទង្វើខុសច្បាប់អន្តរជាតិ ក៏លែងមានទៀតដែរ ព្រោះវាមិនអំណោយផលដល់ការស្វែងរកសន្តិភាព»

គួរបញ្ជាក់ថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន West Bank ចាប់តាំងពីឆ្នាំ១៩៦៧ មកម្ល៉េះ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិក៏ដោយ។ ម្យ៉ាងវិញទៀត អតីតរដ្ឋបាលប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ចាត់ទុកថាវាគឺទង្វើខុសច្បាប់ផងដែរ ប៉ុន្តែតែងតែបោះឆ្នោតវេតូនឹងដំណោះស្រាយ UN ប្រឆាំងអ៊ីស្រាអែលជានិច្ច។ បច្ចុប្បន្នប្រជាជនអ៊ីស្រាអែលជាង ៦០០,០០០នាក់កំពុងរស់នៅតំបន់ West Bank និងហ្សេរុយសាឡឹមខាងកើតក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ២.៩លាននាក់៕