(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងនាថ្ងៃសៅរ៍នេះថា រុស្ស៊ីបានប្រគល់នាវាយោធាអ៊ុយក្រែនចំនួន៣គ្រឿង ដែលខ្លួនបាន ចាប់រឹបអូសទុកអស់រយៈពេលជិតមួយឆ្នាំឲ្យទៅទីក្រុងកៀវវិញហើយ។ ការប្រឈមមុខដាក់គ្នាពេលនោះ បានបង្កឲ្យមាន ក្តីបារម្ភ ថាប្រទេសទាំងពីរអាចផ្ទុះសង្រ្គាមជាមួយគ្នាថែមទៀតផង។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ចំណែកយោធាអ៊ុយក្រែនក៏បានចេញមុខទទួលស្គាល់ថា រុស្ស៊ីបានសម្រេចប្រគល់នាវាយោធាទៅឲ្យខ្លួនវិញដែរ។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ កងកម្លាំងល្បាតដែនសមុទ្ររុស្ស៊ីបានរឹបអូសនាវាយោធាខ្នាតតូច២គ្រឿងឈ្មោះ Berdyansk និង Nikopol រួម ទាំងនាវាសណ្តោងមួយគ្រឿងឈ្មោះ Yana Kapu របស់អ៊ុយក្រែន នៅឯច្រកសមុទ្រ Kerch។ ខណៈទីក្រុងម៉ូស្គូបានចោទប្រកាន់ ថា នាវាទាំងនោះបានរំលោភដែនទឹករបស់ខ្លួន ទីក្រុងកៀវបានអះអាងវិញថា ខ្លួនមិនបានប្រព្រឹត្តអ្វីខុសឡើយ ហើយរុស្ស៊ីទៅវិញទេ ដែលជាអ្នកបង្កហេតុ។
គួរជម្រាបថា សម្រាប់នាវិកអ៊ុយក្រែនទាំង២៤នាក់ ដែលរុស្ស៊ីបានចាប់ខ្លួនជាមួយនាវាខាងលើ ត្រូវបានទីក្រុងម៉ូស្គូដោះលែង និង ប្រគល់ខ្លួនឲ្យទីក្រុងកៀវវិញ កំឡុងការដោះដូរអ្នកទោសប្រមាណ៣៥នាក់ រវាងប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅកាលពីខែ កញ្ញា ឆ្នាំ២០១៩នេះ។ ដោយឡែក នៅខែក្រោយ ប្រធានាធិបតីរុស្ស៊ីព្រមទាំងប្រធានាធិបតីអ៊ុយក្រែន ក៏នឹងត្រូវជួបមុខគ្នាក្នុងកិច្ច ប្រជុំកំពូលចតុភាគីស្តីពីវិបត្តិនៅភាគខាងកើតអ៊ុយក្រែនផងដែរ ដែលគ្រោងរៀបចំឡើងនៅទីក្រុងប៉ារីសនៃប្រទេសបារាំង៕