(តូក្យ)៖ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងឧស្សាហកម្មជប៉ុនបានប្រកាសថា ទឹកដែលត្រូវបានប្រើប្រាស់រួច នៅក្នុងរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា (Fukushima) នឹងត្រូវបង្ហូរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប្រកបដោយសុវត្ថិភាព ខណៈជប៉ុនអស់លទ្ធភាពក្នុងការស្តុកទុក ទឹកសំណល់វិទ្យុសកម្មទាំងនេះហើយ។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃច័ន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
នៅសេចក្តីថ្លែងការណ៍របស់ក្រសួងឧស្សាហកម្មជប៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ការបង្ហូរទឹកចូលក្នុងមហាសមុទ្រ គឺបង្កផលប៉ះពាល់តិចតួចបំផុតទៅដល់មនុស្ស...។» ក្រសួងបានបន្តទៀតថា ការបង្ហូរទឹកសំណល់នោះបន្តិចម្តងៗក្នុងរយៈពេល ០១ឆ្នាំចូលទៅក្នុងសមុទ្រ គឺស្ទើរតែគ្មានផលប៉ះពាល់សោះទៅដល់មនុស្ស។ រោងចក្រនុយក្លេអ៊ែរ Fukushima បានផ្ទុះក្រោយកើតមានគ្រោះរញ្ជួយដីយ៉ាងកក្រើក និងរលកយក្សស៊ូណាមិនៅភាគឦសានជប៉ុន កាលពីខែមីនា ឆ្នាំ២០១១ ហើយក្រោយមកទើបជប៉ុនព្យាយាមជួសជុលវាជាបណ្តើរៗឡើងវិញ។
គួរបញ្ជាក់ថា សម្រាប់ទឹកសំណល់ដែលជប៉ុនស្តុកទុក នៅទីតាំងរោងចក្រខាងលើនេះ គឺត្រូវបានប្រើប្រាស់ដើម្បីបន្ថយកម្តៅក្នុងរោងចក្រ ខណៈអ្នកអភិរក្សបរិស្ថានអន្តរជាតិ បានលើកឡើងថា វាមានផ្ទុកសារធាតុវិទ្យុសកម្មដែលអាចប៉ះពាល់ដល់ជីវិតមនុស្ស និងសត្វ។ បច្ចុប្បន្នទឹកសំណល់នេះបានកើនឡើងដល់ ១០០តោនហើយ ទើបអាជ្ញាធរជប៉ុនអះអាងថា ខ្លួនគ្មានលទ្ធភាពស្តុកវាទៀតឡើយ ដូច្នេះវិធីមានតែការបង្ហូរទឹកទាំងនោះចូលក្នុងសមុទ្រ។
ក្រសួងឧស្សាហកម្មជប៉ុនបានបញ្ជាក់ក្នុងរបាយការណ៍ថា កម្រិតធាតុវិទ្យុសកម្មរបស់ទឹកនោះគឺ ០.០០៥២មីក្រូស៊ីវើត (microsivert) បើបង្ហូរចូលក្នុងសមុទ្រ និង ១.៣មីក្រូស៊ីវើត បើស្ថិតនៅក្នុងបរិយាកាស ខណៈមនុស្សលោកយើងក្នុងមួយថ្ងៃៗ ត្រូវប្រឈមមុខកម្រិតធាតុវិទ្យុសកម្មរហូតដល់ទៅ ២,១០០មីក្រូស៊ីវើតឯណោះ ដូច្នេះទើបក្រុមជំនាញជប៉ុនបញ្ជាក់ថា វាស្ទើរតែគ្មានផលប៉ះពាល់សោះដល់បរិស្ថាន៕