(អូស្ត្រាលី)៖ ប្រជាជនរស់នៅតាមតំបន់មួយចំនួន ដែលកំពុងប្រឈមមុខនឹងភ្លើងឆេះព្រៃនៅក្នុងទីក្រុង ធូវូមបា (Toowoomba) នៃរដ្ឋឃ្វីនស៍ឡេន (Queensland) ត្រូវបានជំរុញឱ្យជម្លៀសខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពជាបន្ទាន់ ខណៈអាណ្ដាតភ្លើង ឆេះរាលដាលជិតដល់ទីក្រុង ក្រូវស៍ ណែសត៍ (Crows Nest) ទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Guardian នៅល្ងាចថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ភ្លើងឆេះព្រៃនាពេលបច្ចុប្បន្នបានរីកដាលកាន់តែធំ ដោយបានបង្ខំឱ្យសាលារៀន និងហាងទំនិញជាច្រើនបិទទា្វរជាបណ្ដោះអាសន្ន ស្របពេលក្រុមអ្នកពន្លត់អគ្គីភ័យកំពុងបង្កើនការកិច្ចខិតខំប្រឹងប្រែង តស៊ូប្រយុទ្ធនឹងអណ្ដាតភ្លើង។ មួយវិញទៀតដើម្បីបង្ការគ្រោះថ្នាក់នានា អាជ្ញាធរទីក្រុង Toowoomba ក៏បានចេញការព្រមានពីភ្លើងឆេះព្រៃកម្រិត A ដែលតម្រូវឱ្យប្រជាជនក្នុងតំបន់ជម្លៀសខ្លួនជាបន្ទាន់ផងដែរ។
គួរជម្រាបថា មកទល់នឹងពេលនេះមនុស្ស ០៦នាក់ហើយបានស្លាប់, ផ្ទៃដី១៥៨,០០០ហិកតា និងផ្ទះ ១៦ខ្នងទៀតរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ នៅរដ្ឋញូសោតវែលស៍ (New South Wales) និងរដ្ឋឃ្វីនស៍ឡេន (Queensland)។ បន្ថែមពីលើនេះ តំបន់ប៉ែកខាងត្បូងនៃប្រទេសអូស្ត្រាលី ជាពិសេសទីក្រុងអាដេឡែដ (Adelaide) ត្រូវបានគេរំពឹងថា នឹងមានសីតុណ្ហភាពកើនដល់ ៤២អង្សាសេនៅថ្ងៃពុធសប្ដាហ៍នេះ៕