(បរទេស)៖ ថ្មីៗកន្លងទៅនេះវ៉ាក់សាំងការពារវីរុសដ៏កាចសាហាវ «អេបូឡា» ទើបត្រូវបានទទួលស្គាល់ជាផ្លូវការ ពីសំណាក់អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជាពីសំណាក់សហភាពអឺរ៉ុប (EU)។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយអង្គការ WHO នារសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
វ៉ាក់សាំងខាងលើដែលមានឈ្មោះថា អឺវែបូ (Ervebo) និងជាផលិតផលរបស់ក្រុមហ៊ុនឈ្មោះ មើក (Merck ឬ MSD) ត្រូវបានប្រើប្រាស់រួចស្រេចទៅហើយ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោល ចាប់តាំងតែពីការវាយលុកនៃវីរុសអេបូឡា បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ។ គិតមកទល់សព្វថ្ងៃនេះ វ៉ាក់សាំងការពារវីរុសអេបូឡានេះ ត្រូវបានចាក់ទៅលើមនុស្សសរុបប្រមាណ ២៥០,០០០នាក់ ទាំងនៅក្នុងប្រទេសកុងហ្គោ និង នៅបណ្តាប្រទេសក្បែរខាងមួយចំនួនទៀត។ អង្គការ WHO និង EU បានសម្រេចផ្តល់ការទទួលស្គាល់ជាផ្លូវការចំពោះវ៉ាក់សាំងនេះ បន្ទាប់ពីលទ្ធផលបានបង្ហាញថា វាមានប្រសិទ្ធភាព និងសុវត្ថិភាពល្អគ្រប់គ្រាន់តាមស្តង់ដារបស់ខ្លួន។
ជាមួយគ្នានេះវ៉ាក់សាំងប្រឆាំងវីរុសអេបូឡាមួយផ្សេងទៀតឈ្មោះថា J&J (The Johnson & Jonhson) ក៏ត្រូវបានដាក់ឲ្យប្រើប្រាស់សាកល្បងនៅកុងហ្គោផងដែរ ជាមួយវ៉ាក់សាំង Ervebo ឬ Merck ខាងលើនេះ។ យោងតាមការគ្រោងទុកវ៉ាក់សាំង J&J នឹងត្រូវចាក់ទៅលើមនុស្សខ្ទង់ ៥០,០០០នាក់ក្នុងអំឡុងពេល 0៤ខែ។ ខណៈវ៉ាក់សាំង Ervebo តម្រូវឲ្យមានការចាក់ត្រឹមមួយដង វ៉ាក់សាំង J&J ទាមទារឲ្យមានការចាក់ពីរដងក្នុងគម្លាត ៥៦ថ្ងៃពីគ្នា។
គួរជម្រាបថា ករណីរីករាលដាលនៃជំងឺអេបូឡា នៅតំបន់ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានចាប់ផ្តើមឡើងកាល ពីខែសីហា ឆ្នាំ២០១៨ គឺជាករណីអេបូឡាដែលអាក្រក់ជាងគេពីរក្នុងប្រវត្តិសាស្រ្ត បន្ទាប់ពីករណីឆ្នាំ២០១៣-២០១៦ នៅតំបន់អាហ្រ្វិកខាងលិច ដែលបានផ្តាច់ជីវិតមនុស្សជាង ១១,៣០០នាក់ឯណោះ។ បើតាមរបាយការណ៍នៃអាជ្ញាធរសុខាភិបាលកុងហ្គោ ក្នុងអំឡុង១៥ខែកន្លងទៅនេះ មនុស្សប្រហែល២,១៩៣នាក់បានបាត់បង់ជីវិត ដោយសារតែវីរុសអេបូឡា៕