(បាងកក)៖ នាថ្ងៃចន្ទនេះចិនបានស្នើឲ្យយោធាអាមេរិកបញ្ឈប់ការដំឡើងសាច់ដុំ នៅសមុទ្រចិនខាងត្បូងតទៀតទៅ ក្នុងឱកាសនៃការជួបមុខគ្នារវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរនៅឯទីក្រុងបាងកក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CGTN នៅរសៀលថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
អ្នកនាំពាក្យនៃក្រសួងការពារជាតិចិន លោក Wu Qian បានឲ្យដឹងថា កំឡុងជំនួបបិទទ្វារនាឱកាសចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិ ដែលដឹកនាំដោយអាស៊ាននៅទីក្រុងបាងកកប្រទេសថៃ រដ្ឋមន្រ្តីការពារជាតិចិន លោក Wei Fenghe បានប្រាប់រដ្ឋមន្រ្តីការពារជាតិ លោក Mark Esper ឲ្យបញ្ឈប់ការដំឡើងសាច់ដុំនៅសមុទ្រចិនខាងត្បូង ហើយឈប់ប្រព្រឹត្តសកម្មភាពបង្កហេតុ និងបង្កើនភាពតានតឹងនៅតំបន់ផ្លូវទឹកដ៏សំខាន់នេះទៀតទៅ។
លោក Wu បានគូសបញ្ជាក់បន្ថែមថា លោក Wei ចង់ស្នើឲ្យសហរដ្ឋអាមេរិក ឈប់ចេះមកជ្រៀតជ្រែកចូលក្នុងបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូង និងបញ្ឈប់ការធ្វើសកម្មភាពយោធាក្រោមចេតនាបង្កហេតុនៅតំបន់នេះ។ ពាក់ព័ន្ធបញ្ហាតំបន់សមុទ្រចិនខាងត្បូង ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ទីក្រុងប៉េកាំងថា បានបង្កើនវត្តមានយោធានៅទីនោះ ហើយព្យាយាមគំរាមកំហែងប្រទេសអាស៊ីមួយចំនួនទៀត ដែលមានចំណែកទាមទារលើសមុទ្រចិនខាងត្បូងដែរ។
គួរជម្រាបថា កាលពីប៉ុន្មានសប្តាហ៍មុន មន្រ្តីជាន់ខ្ពស់អាមេរិកម្នាក់នៅឯសេតវិមាន បានរិះគន់ចិនថា កំពុងតែដំឡើងឫទ្ធិនៅសមុទ្រចិនខាងត្បូង ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ប្រមុខការពារជាតិអាមេរិក លោក Esper ទើបតែបានចោទទីក្រុងប៉េកាំងថា បានងាកទៅប្រើវិធីសាស្រ្តបែបគំរាមកំហែង ដើម្បីឈានទៅសម្រេចគោលដៅជាយុទ្ធសាស្រ្តរបស់ខ្លួននៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ ដើម្បីជាការប្រឆាំងនឹងទីក្រុងប៉េកាំង យោធាជើងទឹកអាមេរិកជាប្រចាំបានធ្វើប្រតិបត្តិការហៅថា «សេរីភាពនៃនាវាចរណ៍» តាមរយៈការបញ្ជូននាវាចម្បាំងខ្លួនឲ្យទៅកាន់ក្បែរៗប្រជុំកោះដែលចិនកាន់កាប់នៅសមុទ្រចិនខាងត្បូង ខណៈទង្វើបែបនេះតែងរងការរិះគន់ពីចិនជានិច្ច៕