(អាមេរិក)៖ ក្រុមហ៊ុនផលិតកុំព្យូទ័រ HP បានសម្រេចបដិសេធចំពោះសំណើសុំទិញក្រុមហ៊ុននេះ ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យា Xerox ក្រោមហេតុផលថា សំណើរបស់ក្រុមហ៊ុន Xerox មិនផ្តល់តម្លៃ និងផលប្រយោជន៍ធំគ្រប់គ្រាន់ដល់ HP។ នេះបើតាមការដកស្រង់ការផ្សាយពី សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

យោងតាមសេចក្តីប្រកាសរបស់ HP ក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុននេះ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ដើម្បីបដិសេធចំពោះសំណើរបស់ក្រុមហ៊ុន Xerox ដោយសារតែសំណើនោះមិនល្អសម្រាប់ម្ចាស់ភាគហ៊ុនរបស់ HP ហើយឲ្យតម្លៃមិនសមនឹងអ្វីដែល HP គួរទទួលបាន។ បន្ថែមពីលើនេះ ក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន HP ក៏បានចាត់ទុកថា សំណើរបស់ក្រុមហ៊ុន Xerox មានលក្ខខណ្ឌខ្ពស់ ហើយមានលក្ខណៈមិនសូវប្រាកដប្រជាខ្លាំងពេកដែរ។ ជាមួយគ្នានេះ HP ក៏បានលើកឡើងនូវការថយចុះ នៃចំណូលប្រចាំឆ្នាំរបស់ Xerox ថែមទៀតផង។

គួរជម្រាបថា បើតាមក្រុមហ៊ុន HP នាពេលកន្លងទៅក្នុងខែវិច្ឆិកានេះ ក្រុមហ៊ុន Xerox បានដាក់សំណើសុំទិញក្រុមហ៊ុន HP ក្នុងតម្លៃខ្ទង់ ៣៣.៥ពាន់លានដុល្លារ។ យ៉ាងណាមិញ ទោះបីជាបានបដិសេធក៏ដោយ ក្រុមហ៊ុន HP បានបញ្ជាក់វិញថា ក្រុមហ៊ុននៅតែបើកចំហទ្វារ ស្វាគមន៍ចំពោះសំណើថ្មីទៀតពីសំណាក់ក្រុមហ៊ុន Xerox ដើម្បីឈានទៅរកការចុះកិច្ចព្រមព្រៀងរួមបញ្ចូលក្រុមហ៊ុនទាំងពីរ ហើយ HP ក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចចរចាជាមួយ Xerox ដែរ៕