(ញូដេលី)៖ យោធាឥណ្ឌាទើបតែទទួលបានជោគជ័យជាថ្មីទៀត ក្នុងការបាញ់សាកល្បងមីស៊ីលសម្រាប់វាយប្រហារក្នុងលក្ខណៈយុទ្ធសាស្រ្តឈ្មោះថា Agni-II។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ការធ្វើតេស្តខាងលើបានប្រព្រឹត្តទៅកាលពីយប់ថ្ងៃសៅរ៍សប្តាហ៍នេះ នៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ គ្រាប់មីស៊ីល Agni-II ស្ថិតក្នុងចំណោមស៊េរីទាំង៦នៃត្រកូលមីស៊ីល Agni ដែលសម្រាប់ប្រើប្រាស់ក្នុងលក្ខណៈយុទ្ធសាស្រ្តរបស់ប្រទេសឥណ្ឌា។ មីស៊ីលនេះអាចបំពាក់ក្បាលគ្រាប់បានច្រើនប្រភេទ រួមទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងហោះបានចម្ងាយចន្លោះ២,០០០គីឡូម៉ែត្រទៅ៣,៥០០គីឡូម៉ែត្រ។ បើមីស៊ីល Agni-VI វិញ គឺអាចធ្វើដំណើរបានចម្ងាយដល់ទៅ១២,០០០គីឡូម៉ែត្រឯណោះ។
គួរជម្រាបថា ប្រទេសឥណ្ឌាមានអាវុធនុយក្លេអ៊ែរ ដែលអាចបាញ់ចេញទាំងពីផ្ទៃដី ពីផ្ទៃទឹក និងពីផ្ទៃអាកាស ខណៈទីក្រុងញូដេលីបានបញ្ជាក់ជាដដែលៗថា នឹងមិនប្រើប្រាស់ពួកវាទៅវាយប្រហារលើប្រទេសណាមួយឡើយ ពោលគឺគ្រាន់ទុកសម្រាប់ការពារខ្លួនប៉ុណ្ណោះ។ យ៉ាងណាមិញ ឥណ្ឌាមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាទប់ស្កាត់ការរីកសាយនៃអាវុធនុយក្លេអ៊ែរ ឬសន្ធិសញ្ញាហាមឃាត់ការធ្វើតេស្តអាវុធនេះឡើយ។ ចំណែកឯ ប៉ាគីស្ថានដែលជាអ្នកជិតខាង និងជាគូប្រជែងក្នុងតំបន់ដ៏ធំរបស់ឥណ្ឌាវិញ ក៏មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ហើយមិនមែនជាហត្ថលេខីក្នុងសន្ធិសញ្ញាទាំងពីរដូចប្រទេសឥណ្ឌាដែរ ខណៈប្រទេសទាំងពីរក្នុងឆ្នាំ២០១៩នេះ បានកើនឡើងភាពតានតឹងជាមួយគ្នាខ្លាំង៕